Swift cc time

ក្រុម Online Scams ជាជនជាតិថៃ១៩៧នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជាតាមច្រកប៉ោយប៉ែត និងហាមមិនឱ្យចូលកម្ពុជារយៈពេល ៣-៥ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦នេះ បានបណ្តេញជនជាតិថៃចំនួន ១៩៧នាក់ ក្នុងនោះស្ត្រី ៧៣នាក់ ចេញពីប្រទេសកម្ពុជា នៅស្ពានមិត្តភាព ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈមនឹងច្រកខ្លងលឹក ប្រទេសថៃ។ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីពួកគេត្រូវបានអនុវត្តទោសជាប់ពន្ធនាគាររួចរាល់ នៅខេត្តសៀមរាប ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបទល្មើសផ្សេងៗទៀត។

ប្រតិបត្តិការនេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែត និងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធ ដើម្បីធានាការអនុវត្តតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការប្រព្រឹត្តបទល្មើសឡើងវិញ អាជ្ញាធរកម្ពុជាបានសម្រេចដាក់ជនជាតិថៃទាំង ១៩៧នាក់ ក្នុងបញ្ជីហាមចូល (Blacklist) ដោយមិនអនុញ្ញាតឱ្យចូលមកកម្ពុជាវិញ ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំ។ ក្នុងថ្ងៃដដែលនេះ ភាគីថៃក៏បានបញ្ជូនពលករជនជាតិខ្មែរចំនួន ៨២នាក់ ត្រឡប់មកកម្ពុជាវិញផងដែរ៕

Khcct banner

អត្ថបទទាក់ទង