លោក Akihiro Kato ម្ចាស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ និងជាអ្នកជំនួញជនជាតិជប៉ុន ដែលជាអ្នកជំនួញជប៉ុនដំបូងម្នាក់មកបើកក្លិបបាល់ទាត់នៅកម្ពុជា បានបរិច្ចាគទីលានបាល់ទាត់មួយជូនដល់យុវជននៅភូមិរង់ចាំ។
លោក Akihiro Kato បានបញ្ជាក់ថា លោកសង្ឃឹមថា ទីលានបាល់ទាត់នេះនឹងក្លាយជាកន្លែងសម្រាប់កុមារ និងយុវជនលេងកីឡា រត់លេង និងមានស្នាមញញឹមជារៀងរាល់ថ្ងៃ។
យ៉ាងណាក៏ដោយ លោកក៏បានបង្ហាញថា លោកនឹងមានក្តីសុខចិត្តផងដែរ ប្រសិនបើថ្ងៃណាមួយទីលាននេះលែងមានអ្នកប្រើប្រាស់ ព្រោះវាមានន័យថា ប្រជាជននៅភូមិរង់ចាំអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាពក្នុងពេលឆាប់ៗនេះ។
លោក Akihiro Kato ក៏បានជូនពរឱ្យកុមារទាំងអស់រស់នៅជាមួយក្តីសុបិន ក្តីសង្ឃឹម និងភាពក្លាហាន ហើយបានបញ្ជាក់ថា លោកនឹងចុះទៅលេងភូមិរង់ចាំនៅក្នុងខែនេះ ដោយទន្ទឹងរង់ចាំជួបពួកគេក្នុងពេលឆាប់ៗ៕