Swift cc time

កម្ពុជាបន្តចាត់វិធានការក្តៅ ក្នុងការចុះត្រួតពិនិត្យ និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមទីតាំងកាស៊ីណូ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ សហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) រៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័ន កម្លាំងសមត្ថកិច្ចចម្រុះ អយ្យការអមសាលាដំបូងរាជធានី-ខេត្ត និងសាលាដំបូងរាជធានី-ខេត្ត នៃខេត្តចំនួន១៦ ដែលមានទីតាំងកាស៊ីណូ។

កិច្ចប្រជុំនេះ រៀបចំក្នុងគោលបំណងចំនួន ២ គឺ(១) ដើម្បីផ្សព្វផ្សាយអំពីការមិនអនុញ្ញាត និងបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ និង (២) ការរៀបចំក្រុមការងារចម្រុះ ដើម្បីចុះពិនិត្យទីតាំងកាស៊ីណូ ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅសំដៅធានាពុំមានការលបលួចបើកដំណើរការល្បែងតាមប្រព័ន្ធអនឡាញក្នុងទីតាំង និង/ឬ បរិវេណកាស៊ីណូ។

បើតាមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ សមិទ្ធិផលសម្រេចបានកន្លងទៅ ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ដែលស្ដែងចេញតាមរយៈការចូលរួមរបស់បណ្ដាប្រទេស និងអង្គការអន្តរជាតិប្រមាណជិត ៣០ ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងការអនុម័តរួមគ្នាលើសេចក្ដីប្រកាសទីក្រុងភ្នំពេញចំនួន ១១ ចំណុច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន។

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាល នឹងមិនបញ្ឈប់ត្រឹមនេះនោះទេ ពោលគឺនឹងបន្ដចាត់វិធានការក្ដៅចំពោះទីតាំងទាំងឡាយណាដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការចាត់វិធានការក្ដៅនេះ ក៏នឹងត្រូវធ្វើ ចំពោះទីតាំងដែលលបលួចដំណើរការល្បែងតាមប្រព័ន្ធអនឡាញផងដែរ ហើយចាំបាច់ត្រូវចាត់វិធានការ ស្របតាមច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ជាធរមាន៕


Khcct banner

អត្ថបទទាក់ទង