Swift cc time

កម្ពុជា-ធនាគារពិភពលោក រួមគ្នារកដំណោះស្រាយចំពោះបញ្ហាប្រឈមវិស័យធនធានទឹក

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា និងធនាគារពិភពលោក បង្ហាញការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងវិស័យធនធានទឹក និងលើកកម្ពស់សន្តិសុខទឹកនៅកម្ពុជា ជាពិសេសក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក Michael Webster នាយកប្រតិបត្តិការប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដែលដឹកនាំគណៈប្រតិភូធនាគារពិភពលោក មកជួបពិភាក្សាការងារ នៅទីស្តីការក្រសួង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក

ក្នុងជំនួប លោក ថោ ជេដ្ឋា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក និងអរគុណចំពោះការគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា ក្នុងការពង្រឹងវិស័យធនធានទឹក។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្រសួងកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យធនធានទឹក ដើម្បីបង្កើនសន្តិសុខទឹក និងពង្រឹងសមត្ថភាពឆ្លើយតបចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាល ដែលចាត់ទុក «ទឹក» ជាវិស័យសំខាន់មួយសម្រាប់ការអភិវឌ្ឍប្រទេស។

លោក Michael Webster នាយកប្រតិបត្តិការប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក 

ជាមួយគ្នានេះ ភាគីទាំងពីរបានបញ្ជាក់ពីឆន្ទៈបន្តសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមក្នុងវិស័យធនធានទឹក ធានាការផ្គត់ផ្គង់ទឹកសម្រាប់តម្រូវការប្រើប្រាស់ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។

បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តគម្រោងសហការជាមួយធនាគារពិភពលោកចំនួន២ រួមមាន គម្រោងធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) និងគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងវិស័យធនធានទឹកនៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង