ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែវិច្ឆិកានេះ បានណែនាំដល់មន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត ត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ដីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈបាតុភូតអែលនីញ៉ូ (ElNiño) អាចបង្កហានិភ័យនៃកម្ដៅ និងភ្លើងឆេះព្រៃ នៅក្នុងរដូវប្រាំង។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំដល់មន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត ត្រូវរួមគ្នាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចាត់វិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈបាតុភូតអែលនីញ៉ូ (ElNiño) បានឈានចូលមកដល់ហើយ ដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃកើតឡើង។ ដូច្នេះ ត្រូវបង្កើនការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង ការហានិភ័យនៃកម្ដៅភាពរាំងស្ងួត និងភ្លើងឆេះព្រៃ នៅក្នុងរដូវប្រាំង។
គួរបញ្ជាក់ថា បាតុភូតអែលនីញ៉ូ (ElNiño) គឺជាបាតុភូតដែលអាចបង្កហានិភ័យខ្ពស់នៃកម្ដៅ កង្វះទឹក និងភ្លើងឆេះ ដែលប៉ះពាល់ដល់ធនធានធម្មជាតិជីវៈចម្រុះ និងជីវភាពប្រជាពលរដ្ឋ៕