Khmer suport khmer cc time

ព្រឹត្តិការណ៍«ពន្លឺរាត្រីអង្គរ» នៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងខ្លោងទ្វារទន្លេអុំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៧ ធ្នូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ ព្រឹត្តិការណ៍ «ពន្លឺរាត្រីអង្គរ» (Angkor Glowing Night) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦ នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប។ តាមរយៈព្រឹត្តិការណ៍នេះ ភ្ញៀវជាតិ និងអន្តរជាតិ នឹងមានឱកាសទស្សនាទស្សនីយភាពដ៏ល្អឯកនៃស្ថាបត្យកម្មបុរាណខ្មែរ ក្រោមពន្លឺភ្លើងសិល្បៈយ៉ាងរស់រវើកក្រោមពន្លឺព្រះចន្ទ ទាំងពេលរាត្រី និងពេលទៀបភ្លឺ។

បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងការជំរុញការទស្សនាប្រាសាទនាពេលរាត្រី និងការធ្វើពិពិធកម្មទេសចរណ៍ពេលរាត្រី តាមរយៈការរួមបញ្ចូលគ្នារវាងភាពអស្ចារ្យនៃស្ថាបត្យកម្មបុរាណខ្មែរ និងសិល្បៈពន្លឺ ដើម្បីផ្តល់ជូននូវទស្សនីយភាពដ៏ល្អឯក ក៏ដូចជាការលើកកម្ពស់កិត្យានុភាពវប្បធម៌ និងសក្តានុពលទេសចរណ៍នាពេលរាត្រីរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ពិភពលោក។

ព្រឹត្តិការណ៍នេះ នឹងផ្តល់ភាពទាក់ទាញទៅលើបទពិសោធន៍ទស្សនាប្រាសាទនាពេលរាត្រីដ៏កម្រ ដោយពលរដ្ឋអាចគយគន់សម្រស់ប្រាង្គប្រាសាទបុរាណក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ ត្រជាក់ត្រជុំ និងពោរពេញដោយភាពទាក់ទាញខុសប្លែកពីពេលថ្ងៃ ដែលរំលេចឡើងក្រោមពន្លឺភ្លើងសិល្បៈយ៉ាងរស់រវើកក្រោមពន្លឺព្រះចន្ទ ទាំងពេលរាត្រី និងពេលទៀបភ្លឺ។

បន្ថែមពីនេះ នឹងជួយលើកកម្ពស់កិត្យានុភាពជាតិ និងការផ្សព្វផ្សាយ តាមរយៈការបង្ហាញពីភាពអស្ចារ្យនៃតំបន់បេតិកភណ្ឌពិភពលោក កសាងម៉ាកយីហោជាតិ (National Branding) លើឆាកអន្តរជាតិ ព្រមទាំងផ្តល់ជូនអ្នកចូលរួមនូវបទពិសោធន៍ដ៏មានតម្លៃ និងមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ តាមរយៈការផ្តិតយករូបភាពដ៏ស្រស់ស្អាត ក៏ដូចជាបានចូលរួមចែករំលែកពីភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា។ លើសពីនេះ ក៏នឹងជំរុញចលករសេដ្ឋកិច្ចមូលដ្ឋាន និងជាតិ ដោយការចូលរួមផ្សព្វផ្សាយពីសុខសុវត្ថិភាព និងភាពសម្បូរបែបនៃផលិតផលទេសចរណ៍ក្នុងស្រុក ដើម្បីបង្កើនរយៈពេលស្នាក់នៅ និងកម្រិតចំណាយរបស់ភ្ញៀវទេសចរ ពង្រឹងភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ស្របតាមទស្សនទានយុទ្ធសាស្ត្រ «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅប្រាសាទអង្គរវត្ត ដោយថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់, ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់, ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ១៨:០០ ដល់ ២៤:០០ យប់។ ចំណែកប្រាសាទបាយ័ន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់ និងខ្លោងទ្វារទន្លេអុំ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦៖ ម៉ោង ០៣:០០ ដល់ ០៦:០០ ព្រឹក និងម៉ោង ១៨:០០ ដល់ ២៤:០០ យប់។ ប្រជាពលរដ្ឋអាចចូលរួមទស្សនាដោយសេរី៕

Khcct banner

អត្ថបទទាក់ទង