ភ្នំពេញ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ខេមតិច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ព្រមទាំងលោក Nicolas Bernardin នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Thales ប្រចាំនៅកម្ពុជា វៀតណាម និងឡាវ។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងផ្តល់ឱកាសកាន់តែច្រើនដល់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងការសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាអវកាស និងអាកាសចរណ៍ ព្រមទាំងទទួលបានចំណេះដឹងជាក់ស្តែងពីអ្នកជំនាញក្នុងវិស័យនេះ។
ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកស្រី Éléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃប្រទេសបារាំង ទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី (Francophonie) ភាពជាដៃគូអន្តរជាតិ និងពលរដ្ឋបារាំងដែលរស់នៅក្រៅប្រទេស និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ព្រមទាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ខេមតិច។
ការតភ្ជាប់វិស័យអប់រំក្នុងវិស័យអវកាសជាមួយនឹងជំនាញ និងបទពិសោធន៍
Thales គឺជាក្រុមក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិមួយ ដែលមានបុគ្គលិកជាង ៨៥០០០ នាក់ នៅក្នុងចំនួន ៦៥ ប្រទេស ដោយធ្វើប្រតិបត្តិការលើវិស័យអវកាស, ការពារជាតិ, សន្តិសុខសាយប័រ (cyber security) និងបច្ចេកវិទ្យាឌីជីថល។ ប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍របស់ក្រុមហ៊ុននេះ រួមមានប្រព័ន្ធណែនាំផ្លូវ (navigation) ប្រព័ន្ធឃ្លាំមើល និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ ក្រុមហ៊ុននេះមានជំនាញឯកទេសលើផ្នែកបញ្ញាសិប្បនិម្មិត (AI) សម្រាប់ប្រព័ន្ធសំខាន់ៗ និងផ្នែកសន្តិសុខសាយប័រ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនបានចំណាយថវិកាប្រមាណ ៤,៩ ពាន់លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងផ្នែកធុរកិច្ចផ្សេងៗរបស់ខ្លួន រួមទាំងបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងបច្ចេកវិទ្យាកង់ទិច (quantum technologies) ព្រមទាំងកាន់កាប់កម្មសិទ្ធិបញ្ញា (ប៉ាតង់) ច្រើនជាង ២២០០០ ផងដែរ។
លោក Thierry Tea ដែលជាអ្នកផ្តួចផ្តើមគម្រោងរវាង ខេមតិច និង Thales បានពន្យល់ពីមូលហេតុថា៖ «Thales គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងពិភពលោកលើវិស័យអវកាស និងអាកាសចរណ៍ ហើយបានធ្វើការកែសម្រួល និងបង្កើតថ្មីនូវឧត្តមភាពនៃស្ថាប័នរបស់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ១៨៩៣ មក។ ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាដ៏ឆ្នើមសម្រាប់ពេលអនាគត យើងត្រូវការដៃគូអន្តរជាតិដ៏ល្អបំផុត ដើម្បីជួយអភិវឌ្ឍខ្លឹមសារនៃកម្មវិធីសិក្សារបស់យើង។ ខ្ញុំផ្ទាល់បានធ្វើការជាមួយ Thales អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយខ្ញុំមានមោទនភាពដែលបាននាំយក Thales មកកាន់វិស័យអប់រំនៅកម្ពុជា ដើម្បីជួយឱ្យកម្មវិធីសិក្សាផ្នែកវិស្វកម្មរបស់យើងឈានដល់ស្តង់ដារអន្តរជាតិ។»
យោងតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) សាកលវិទ្យាល័យ ខេមតិច និងក្រុមហ៊ុន Thales នឹងរួមគ្នាស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអវកាស (Aerospace) ព្រមទាំងវិស័យពាក់ព័ន្ធនានា។ គោលបំណងគឺដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង លើកកម្ពស់នវានុវត្តន៍ និងស្វែងរកវិស័យដែលអាចសហការគ្នាលើផ្នែកសិក្សា បច្ចេកទេស និងឧស្សាហកម្ម។ កិច្ចសហប្រតិបត្តិការទាំងនេះអាចរួមមាន ការធ្វើស្រាវជ្រាវរួមគ្នា និងគំនិតផ្តួចផ្តើមនៃការបង្កើតថ្មី ការចែករំលែកចំណេះដឹង និងជំនាញវិជ្ជាជីវៈ ការចូលរួមរបស់និស្សិត និងកម្មវិធីហាត់ការ។
ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន បានមានប្រសាសន៍ថា៖ «យើងចង់ឱ្យសិស្សានុសិស្សនៅកម្ពុជាកាន់តែច្រើន អាចកសាងអាជីពក្នុងវិស័យអាកាសចរណ៍ និងអវកាស។ ការធ្វើការជាមួយក្រុមហ៊ុន Thales ផ្តល់ឱកាសឱ្យពួកគេរៀនសូត្រដោយផ្ទាល់ពីអ្នកជំនាញដែលបង្កើតប្រព័ន្ធទាំងនេះជារៀងរាល់ថ្ងៃ ហើយបទពិសោធន៍នេះអាចផ្លាស់ប្តូរទស្សនៈរបស់សិស្សចំពោះអនាគតរបស់ពួកគេ។ ខ្ញុំសង្ឃឹមថា នេះគ្រាន់តែជាជំហានដំបូងនៃកិច្ចសហប្រតិបត្តិការជាច្រើនបន្តបន្ទាប់ទៀត។»
លោក Thierry Tea បានបន្ថែមថា៖ «ពិធីចុះហត្ថលេខានេះក្លាយជារឿងដ៏គួរឱ្យរំភើបមួយ ក្នុងការស្វែងរកគំនិតផ្តួចផ្តើមរួមគ្នាក្នុងវិស័យអាកាសចរណ៍និងអវកាស វិស្វកម្ម និងបច្ចេកវិទ្យាថ្មីៗ នៅឯមជ្ឈមណ្ឌល Connexion Innovation Lab។ យើងមានគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអនុវត្ត (Applied Research Center) មួយនៅកោះពេជ្រ ដែលកំពុងអភិវឌ្ឍខ្លួនក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំធនធានមនុស្សដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា និងវិស្វកម្មនៅក្នុងតំបន់មេគង្គ។ ចក្ខុវិស័យរបស់យើងគឺដើម្បីពង្រឹងសមត្ថភាពវិស្វករកម្ពុជាក្នុងស្រុក ព្រមទាំងលើកកម្ពស់ជំនាញបច្ចេកទេស និងសមត្ថភាពរបស់ពួកគេ។ នេះគ្រាន់តែជាដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ ហើយយើងពិតជារីករាយណាស់ដែលក្រុមហ៊ុន Thales ជឿជាក់លើចក្ខុវិស័យរបស់យើង ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីវិស្វកម្មកម្រិតស្តង់ដារអន្តរជាតិ។»
កិច្ចព្រមព្រៀងនេះក៏ឆ្លុះបញ្ចាំងផងដែរអំពីការចូលរួមយ៉ាងសកម្មកាន់តែខ្លាំងឡើងរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) នៅក្នុងវិស័យអប់រំផ្នែកអាកាសចរណ៍ តាមរយៈការគាំទ្រដល់សាកលវិទ្យាល័យ ខេមតិច និងភាពជាដៃគូរវាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ជាមួយស្ថាប័ន «World Citi Colleges International» (WCCI) ដើម្បីបង្កើតសាកលវិទ្យាល័យផ្នែកអាកាសចរណ៍ដំបូងគេនៅកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមគ្នា មានគោលបំណងពង្រីកឱកាសសម្រាប់ការអប់រំឯកទេស ការស្រាវជ្រាវ និងការបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា។