Khmer suport khmer cc time

ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មកម្ពុជានៅរដ្ឋកាលីហ្វ័រញ៉ា អាម៉េរិក គ្រោងរៀបចំ«ពិព័រណ៍ម្ហូបអាហារ»កម្រិតពិភពលោក ដើម្បីផ្សព្វផ្សាយកិត្តិនាមកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានសហការរួមគ្នាផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅឆាកអន្តរជាតិ តាមរយៈការគ្រោងរៀបចំពិព័រណ៍ម្ហូបអាហារកម្រិតពិភពលោក។ ការធ្វើឡើងនេះ ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហួត គឹមឆា ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាអគ្គកុងស៊ុលកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នាថ្ងៃទី១៨ វិច្ឆិកា ២០២៦។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានស្នើសុំការគាំទ្រ និងកិច្ចសហការពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា លើគំនិតផ្តួចផ្តើមសំខាន់ៗ រួមមាន ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (FAM Trip) និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ (Roadshow) សម្រាប់ក្រុមហ៊ុនទេសចរណ៍ វិនិយោគិន អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មានពីរដ្ឋកាលីហ្វ័រញ៉ា ការជំរុញការបង្កើតជើងហោះហើរត្រង់ពីរដ្ឋកាលីហ្វ័រញ៉ាមកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប ព្រមទាំងកិច្ចសហការផលិតវីដេអូផ្សព្វផ្សាយ និងការចូលរួមពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencer/KOL) ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនអាមេរិក និងជំរុញការមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានអញ្ជើញលោកប្រធាន និងគណៈប្រតិភូ ចូលរួមក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា គឺជាស្ថាប័នតំណាងដែលមានតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការសម្របសម្រួលការតភ្ជាប់បណ្តាញធុរកិច្ច ការផ្គូផ្គងវិនិយោគិន និងការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលកិច្ចសហប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងរួមចំណែកដល់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការពង្រីកទីផ្សារទេសចរណ៍អាមេរិកឱ្យកាន់តែរីកចម្រើន៕

Khcct banner

អត្ថបទទាក់ទង