Khmer suport khmer cc time

ភូមិហ្វ្រង់កូហ្វូនីបិទបញ្ចប់ដោយពលរដ្ឋចូលរួមជាង ៦៦ម៉ឺននាក់ ប៉ុន្តែស្នាមញញឹមខ្មែរ និងចំណងមិត្តភាព បន្តរង់ចាំទទួលភ្ញៀវទេសចរគ្រប់ទិសទី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ភូមិហ្វ្រង់កូហ្វូនី ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមានរយៈពេល៥ថ្ងៃ បានទាក់ទាញអ្នកចូលរួមសរុបជាង ៦៦ម៉ឺននាក់។ នាឱកាសបិទបញ្ចប់នេះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា «ភូមិហ្វ្រង់កូហ្វូនី បិទទ្វារទៅថ្ងៃនេះ ប៉ុន្តែស្នាមញញឹមខ្មែរ និងចំណងមិត្តភាពហ្វ្រង់កូហ្វូនី នឹងបន្តបើកចំហជានិច្ច រង់ចាំទទួលភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីលើពិភពលោក»។

នាឱកាសនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែង ចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធម រលូន សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ដោយទទួលបានការគាំទ្រ និងការចូលរួមយ៉ាងផុលផុសពីគ្រប់ភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដែលមិនត្រឹមតែជាវេទិកាសម្រាប់ការជួបជុំ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ សាមគ្គីភាព និងសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ព្រមទាំងលើកកម្ពស់កិត្យានុភាព និងមោទនភាពជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» បានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយ និងបង្ហាញពីអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សិល្បៈ សិប្បកម្ម និងផលិតផលខ្មែរទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាពិសេស ការបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ព្រមទាំងសម្រស់ស្ថាបត្យកម្ម ប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរ បានរួមចំណែកធ្វើឱ្យភ្ញៀវទេសចរ និងប្រតិភូអន្តរជាតិបានស្គាល់ និងយល់កាន់តែច្បាស់អំពីភាពអស្ចារ្យនៃប្រទេសកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង