Khmer suport khmer cc time

មុខមាត់ប្រទេសកម្ពុជា បានក្លាយជាកម្លាំងចិត្តឱ្យកញ្ញា ដួង សុខជា តួឯករបាំអប្សរានៃព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ខិតខំប្រឹងសម្តែងរហូតបានជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កញ្ញា ដួង សុខជា តួឯកក្នុងរបាំអប្សរានៃព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី បានខិតខំសម្តែងរបាំជូនថ្នាក់ដឹកនាំជិត៩០ប្រទេស ព្រោះមានឆន្ទៈចង់លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ខណៈចង់ឱ្យបរទេសបានស្គាល់ច្បាស់ពីវប្បធម៍ និងភាពថ្កុំថ្កើននៃអរិយធម៌ខ្មែរ។ ទោះបីចំណាយពេលហាត់សមយូរយ៉ាងណាក្តី មុខមាត់ប្រទេសបានក្លាយជាកម្លាំងចិត្តឱ្យកញ្ញាខិតខំប្រឹងប្រែងសម្តែងរហូតបញ្ចប់ដោយជោគជ័យ។

ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ កញ្ញាបានបញ្ជាក់ថា កញ្ញាបានប្រឡងចូលសិក្សានៅអាយុ៨ឆ្នាំ នៅសាលាជាតិវិចិត្រសិល្ប: ដោយមានលោកយាយជាអ្នកផ្តល់គំនិតឱ្យចូលសិក្សានិងហាត់របាំ ចាប់យកជំនាញរបាំក្បាច់បុរាណ ដែលជារបាំព្រះរាជទ្រព្យ។ កញ្ញាធ្លាប់បានសម្តែងនៅជាង ២០ ប្រទេស រួមមាន ប្រទេសបារាំង សហរដ្ឋអាម៉េរិក ជប៉ុន អាល្លឺម៉ង់ វៀតណាម កូរ៉េ និងប្រទេសដទៃទៀត។ តាមរយៈបទពិសោធន៍ទាំងនេះ កញ្ញាទទួលបានការចាប់អារម្មណ៍ និងការស្វាគមន៍ពីថ្នាក់ដឹកនាំនៅបណ្តាប្រទេសទាំងនោះ ព្រោះរបាំខ្មែរមានលក្ខណៈពិសេសសម្រាប់ជនបរទេស ដែលបណ្តាលឱ្យពួកគាត់ចូលចិត្តទស្សនា ខណៈបានបង្កប់អត្ថន័យដែលនិយាយពីវប្បធម៌ខ្មែរ និងសង្គមរស់នៅបច្ចុប្បន្នរបស់ខ្មែរផងដែរ។

កញ្ញា ដួង សុខជា បានបង្ហាញនូវអារម្មណ៍រំភើប និងមានមោទនភាពយ៉ាងក្រៃលែង ដែលកើតជាកូនខ្មែរ ហើយមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះកើតឡើងនៅក្នុងទឹកដីប្រទេសកម្ពុជា ព្រមទាំងទទួលបានឱកាសឡើងសម្តែងរបាំអប្សរាក្នុងកម្មវិធី Gala Dinner នៅពេលល្ងាច ដែលគណៈប្រតិភូបានជួបជុំគ្នានៅទីតាំង OCIC។ ទោះបីធ្លាប់បានសម្តែងនៅច្រើនប្រទេសក៏ដោយ កញ្ញានៅតែមានអារម្មណ៍រំភើបខ្លាំង និងទទួលបានចំណេះដឹងជាច្រើនពីកម្មវិធីមួយនេះ ដែលបណ្តាលឱ្យកញ្ញាត្រូវតែបន្តថែរក្សា បង្កើនចំណេះជំនាញបន្ថែមទៀត ដើម្បីជួយផ្សព្វផ្សាយទៅកាន់ប្រទេសដទៃទៀត ឱ្យកាន់តែស្គាល់ថាអ្វីទៅជាខ្មែរ ខ្មែរមានអ្វីខ្លះ ខ្មែរមានអ្វីដែលអស្ចារ្យជាងនេះ។

នាដការីរូបនេះ បន្ថែមថា កញ្ញា រួមជាមួយនាដការីដទៃទៀត និងលោកគ្រូអ្នកគ្រូទាំងអស់គ្នា បានចំណាយពេលហាត់រយៈពេលជាងពីរខែ ដើម្បីត្រៀមខ្លួនសម្តែងជូនថ្នាក់ដឹកនាំ។ ក្នុងនោះ មានការហ្វឹកហាត់របាំ និងស្នាដៃជាច្រើនជាង១០ ស្នាដៃ ត្រូវកែសម្រួល សម្រាប់កម្មវិធីនេះ។ កញ្ញា លើកឡើងថា មិនធ្លាប់ហ្វឹកហាត់យូរយ៉ាងនេះទេ ខណៈមានការកែសម្រួលជាច្រើនពីថ្នាក់ដឹកនាំ។ ទោះជាយ៉ាងនេះក្តី រយៈពេល២ខែនេះ កញ្ញាមិនមានការហត់នឿយ ឬលំបាកនោះទេ ព្រោះនេះជាកាតព្វកិច្ចដ៏សំខាន់ ដើម្បីបំពេញមុខមាត់ជាតិ។ ទន្ទឹមនឹងនេះ កញ្ញា បានអរគុណទៅដល់អ្នកគ្រូ សុទ្ធ សុម៉ាលី ដែលបានជ្រើសរើសកញ្ញាជាតួឯកនៅក្នុងរបាំអប្សរានៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ហ្វ្រង់កូហ្វូនី នេះ។

ក្នុងនាមជានាដការរបាំ កញ្ញា ដួង សុខជា យល់ថាការសម្តែងរបាំរបស់ខ្មែរទៅកាន់បរទេស និងចំពោះថ្នាក់ដឹកនាំកំពូលមកពីបណ្ដាប្រទេសជិត៩០ប្រទេសនេះ គឺជាការផ្សព្វផ្សាយដ៏ធំមួយនៃវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ ព្រោះប្រទេសខ្មែរជាប្រទេសដែលមានសាសនា វប្បធម៌ល្អថ្លៃថ្លា។ ដូចនេះ ទាក់ទងជាមួយនឹងការផ្សព្វផ្សាយនេះ គឺពិតជាមហាវិសេសវិសាល មិនថាសិល្បៈតន្ត្រី សិល្បៈរបាំ សិល្បៈគំនូរ ឬសិល្បៈចម្រៀងនោះទេ។

កញ្ញា ដួង សុខជា បានបង្ហាញនូវឆន្ទៈពុះកញ្ជ្រោលក្នុងការខិតខំសម្តែងនេះ ដោយកញ្ញាបានពោលថា «ខ្ញុំគិតថា ខ្ញុំជានាដការរបាំមួយរូប ខ្ញុំមានចំណេះដឹង ខ្ញុំមានជំនាញទាក់ទងជាមួយនឹងវប្បធម៌ ជាមួយនឹងក្បាច់ដែលដូនតាខ្ញុំបង្កើតឡើងច្បាស់លាស់ ដោយមិនមានការក្លែងបន្លំ នាងខ្ញុំគិតថា អ្វីដែលខ្ញុំមានទាំងអស់នេះ ខ្ញុំនឹងយក និងប្រមូលចំណេះជំនាញទាំងអស់ ទៅកាន់ឆាកអន្តរជាតិមួយនេះ ឱ្យពិភពលោកបានស្គាល់»៕

Khcct banner

អត្ថបទទាក់ទង