ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា និងជានាយកមជ្ឈមណ្ឌលអាស៊ីសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។
ស្ថានទូតជប៉ុនបានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា បានដឹកនាំបេសកកម្មសូហ្វីយ៉ា និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងជួសជុលប្រាសាទបុរាណនៅតំបន់អង្គរ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាពិសេស ក្រោមទស្សនវិជ្ជាដឹកនាំរបស់លោកដែលមានគោលការណ៍ «ដោយប្រជាជនកម្ពុជា ដើម្បីប្រជាជនកម្ពុជា» លោកបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលអ្នកជំនាញកម្ពុជា ដើម្បីឱ្យមានសមត្ថភាពចូលរួមថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្លួន។
ជាមួយគ្នានេះ ស្ថានទូតជប៉ុនបានកោតសរសើរចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោក ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា ព្រមទាំងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
ស្ថានទូតជប៉ុនបានបញ្ជាក់ថា នឹងបន្តប្រឹងប្រែងតាមគោលការណ៍ និងស្មារតីរបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជាឱ្យកាន់តែរីកចម្រើន។ ជាចុងក្រោយ ស្ថានទូតក៏បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពផងដែរ៕