Khmer suport khmer cc time

យុទ្ធនាការ«ភ្នំពេញស្អាត»ឆ្នាំ២០២៦ បន្តជំរុញលើកកម្ពស់ការអនុវត្តសមាធិ ដើម្បីពង្រឹងស្មារតីឱ្យរឹងមាំ បណ្តុះចិត្តឱ្យស្ងប់ និងជំរុញការគិតវិជ្ជមានក្នុងសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ យុទ្ធនាការ«ភ្នំពេញស្អាត»ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា» នឹងរៀបចំឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា វេលាម៉ោង៥៖០០ល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងបន្តលើកកម្ពស់ការអនុវត្តសមាធិ ដើម្បីពង្រឹងស្មារតីឱ្យរឹងមាំ បណ្តុះចិត្តឱ្យស្ងប់ស្រឡះ ជ្រះថ្លា ជំរុញការគិតវិជ្ជមានក្នុងសង្គម និង បង្កើតទម្លាប់នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា។

កម្មវិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាលគម្រោង«ស្អាត», លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការប្រទានឱវាទដោយ សម្តេច គូ សុភាព សមាជិកថេរសភានៃព្រះពុទ្ធសានានៃកម្ពុជា និងការធ្វើពិធីសមាធិ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា» ដោយលោក នឹម ឈុន្នី។ តាមការរំពឹងទុកយុទ្ធនាការ«ភ្នំពេញស្អាត» ឆ្នាំ២០២៦នេះ អាចមានប្រជាពលរដ្ឋ និងយុវជន ចូលរួមប្រមាណ៣,០០០នាក់ផងដែរ។

គួរជម្រាប់ថា គម្រោង «ស្អាត» គឺជាគម្រោងសហប្រតិបត្តិការរវាងស្ថាប័នក្នុងស្រុក និងអន្តរជាតិ, ទីភ្នាក់ងាររដ្ឋាភិបាល និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានបំណងកែលំអបរិស្ថាន និងសោភ័ណភាពនៅរាជធានីភ្នំពេញ។ គម្រោងនេះផ្តោតលើគោលការណ៍ស្នូលសំខាន់ៗ ចំនួន៣ រួមមាន៖ ចិត្តស្អាត, ប្រតិបត្តិ និង អាកប្បកិរិយាស្អាត៕

* ចុះឈ្មោះចូលរួមកម្មវិធី «ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា»៖ https://luma.com/vcovxhr4

* ចូលរួមក្រុមតេឡេក្រាម៖ https://t.me/+zqdeM-50GeZiMGU1

Khcct banner

អត្ថបទទាក់ទង