ព្រះសីហនុ៖ ស្ត្រីម្នាក់ និងកូនតូចៗ២នាក់ បានស្លាប់យ៉ាងអាណោចអាធ័មក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ខណៈផ្ទះចំនួន៣ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅក្រុម៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ផ្ទះដែលរងគ្រោះដោយអគ្គិភ័យមានសំណង់ថ្មនៅខាងក្រោម និងឈើនៅខាងលើ ដំបូលប្រក់ស័ង្កសី មានកម្ពស់មួយជាន់ និងទំហំទទឹង២០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ។
អគ្គិភ័យនេះបានបំផ្លាញផ្ទះចំនួន៣ខ្នងទាំងស្រុង និងបណ្តាលឱ្យភ្លើងឆេះរាលដាលដល់ផ្ទះមួយខ្នងទៀតរងការខូចខាតប្រមាណ៣០ភាគរយ ព្រមទាំងបំផ្លាញសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង និងរថយន្តសង្គ្រោះមួយគ្រឿងទៅកាន់កន្លែងកើតហេតុ។ ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣គ្រឿង បានប្រើប្រាស់ទឹកអស់៨រថយន្ត រថយន្តកងរាជអាវុធហត្ថចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣រថយន្ត និងរថយន្តរបស់អង្គភាព៧១១ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២រថយន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំបុរសជាប្តីទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ខណៈមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ កំពុងស្ថិតក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ចនៅឡើយ៕