Khmer suport khmer cc time

សមាគមឧកញ៉ាកម្ពុជា និងគណៈប្រតិភូធុរកិច្ចកាណាដា ពិភាក្សាភាពជាដៃគូ និងបើកឱកាសកិច្ចសហប្រតិបត្តិការធុរកិច្ចនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា បានចាត់តាំង អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគម និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូលស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការធុរកិច្ច រវាងសមាគមឧកញ៉ាកម្ពុជា និងគណៈប្រតិភូធុរកិច្ចកាណាដា។ សមាគម បានបង្ហាញជំហរត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងតភ្ជាប់ធុរជនបរទេសជាមួយដៃគូអាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា។

ក្នុងឱកាសនេះ អ្នកឧកញ៉ា ហាន់ ឃាង បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូធុរកិច្ចកាណាដា ដែលរួមមានធុរជន និងវិនិយោគិនមានសក្តានុពល និងមានចំណាប់អារម្មណ៍ស្វែងរកដៃគូសហការ និងឱកាសបណ្តាក់ទុននៅកម្ពុជា លើវិស័យជាច្រើន ដូចជា បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) កសិកម្ម និងកសិ-ឧស្សាហកម្ម អប់រំ និងសេវាផ្នែកច្បាប់។

អ្នកឧកញ៉ាបានគូសបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតំណាងឱ្យធុរជន និងវិនិយោគិនលើពហុវិស័យ ដែលបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការទាក់ទាញវិនិយោគ ការបង្កើតការងារ និងការជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស។ ក្នុងន័យនេះ សមាគមត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល និងតភ្ជាប់ធុរជនបរទេសជាមួយដៃគូអាជីវកម្មដែលមានសក្តានុពលនៅកម្ពុជា។

ជាមួយគ្នានេះ លោក Kelvin Mo ប្រធាន Asia-Pacific Association for Small and Medium Enterprise (APSME) និងជាប្រធានគណៈប្រតិភូធុរកិច្ចកាណាដា បានលើកឡើងថា កិច្ចពិភាក្សាតុមូលនេះ គឺជាកាលានុវត្តភាពដ៏មានសារៈសំខាន់សម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការស្វែងយល់ពីសក្តានុពលរបស់គ្នាទៅវិញទៅមក និងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ចនាពេលអនាគត លើបណ្តាវិស័យដែលមានសក្តានុពល។

ជាកិច្ចបន្ត សមាជិកគណៈប្រតិភូទាំងពីរបានធ្វើការណែនាំអំពីស្ថាប័ន អាជីវកម្ម និងវិស័យប្រតិបត្តិការរបស់ខ្លួន ព្រមទាំងពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុសផុលអំពីបទពិសោធ តម្រូវការអាជីវកម្ម កាលានុវត្តភាពវិនិយោគ និងបរិយាកាសធុរកិច្ចនៅកម្ពុជា។ កិច្ចពិភាក្សាក៏បានផ្តោតលើក្របខ័ណ្ឌច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ដើម្បីឱ្យវិនិយោគិនកាណាដាមានការយល់ដឹងកាន់តែច្បាស់អំពីការចាប់ផ្តើម និងពង្រីកសកម្មភាពធុរកិច្ចនៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង