ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន ៧៥ករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ៥០នាក់ និងរងរបួសធ្ងន់ និងស្រាលចំនួន ១២៦នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
តាមរបាយការណ៍បានឱ្យដឹងថា គ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅចន្លោះពេលយប់ ដោយមានរហូតដល់ ៤០លើ មាន៧៥ករណី ខណៈមូលហេតុចម្បង រួមមាន ការបើកបរលើសល្បឿនកំណត់ចំនួន ៤០ករណី មិនគោរពសិទ្ធិចំនួន ៩ករណី ស្រវឹង ៨ករណី មិនប្រកាន់ស្ដាំ ៨ករណី ប្រជែងចំនួន ៦ករណី បត់មិនប្រយ័ត្ន ៣ករណី និងមិនគោរពសញ្ញាចរាចរណ៍ ១ករណី។
គ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ព្រះសីហនុ កំពង់ឆ្នាំង កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។
គួរបញ្ជាក់ថា កាលពីខែតុលា មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន ២១៩ករណី បណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ១៤៧នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន ៣៨៣នាក់៕