សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីប្រុងពលីនៅប្រាសាទមេបុណ្យខាងលិច បន្ទាប់ពីបញ្ចប់ការជួសជុលប្រាសាទជាស្ថាពរ និងត្រៀមរៀបចំពិធីសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ក្រោមព្រះរាជាធិបតីព្រះករុណា នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង។
ប្រាសាទមេបុណ្យខាងលិច មានទីតាំងស្ថិតនៅលើកោះកណ្ដាលបារាយណ៍ទឹកថ្លា ក្នុងក្រុងសៀមរាប និងត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី១១ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២។ បច្ចុប្បន្នប្រាសាទនេះ បានបញ្ចប់ការងារជួសជុលរួចរាល់ជាស្ថាពរ ដោយមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក្រោយចំណាយរយៈពេលជួសជុលដ៏លំបាកអស់១៤ឆ្នាំ ដោយចំណាយទឹកប្រាក់ចំនួន១២លានដុល្លារ។
សូមបញ្ជាក់ថា គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច បានចាប់ផ្ដើមនៅឆ្នាំ២០១២ និងបានបញ្ចប់នៅឆ្នាំ២០២៦ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ប្រាសាទនេះមានតួប្រាង្គចំនួន១៦ ព័ទ្ធជុំវិញដោយកំពែងប្រវែង១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធតួស្ពានហាលឆ្ពោះបល្ល័ង្គព្រះវិស្ណុផ្ទុំ នៅកណ្ដាលប្រាសាទ ដែលធ្លាប់តែបែកបាក់ និងដួលរលំស្ទើរតែទាំងស្រុង បានឈរបង្ហាញខ្លួនយ៉ាងរឹងមាំឡើងវិញជាថ្មី នៅកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយនៃបារាយណ៍ទឹកថ្លា ដែលជាអាងស្ដុកទឹកយ៉ាងសំខាន់មួយនៅសម័យអង្គរ៕