ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ វិច្ឆិកា បានប្រជុំពិភាក្សាអំពីនិន្នាការថមថយនៃសកម្មភាពទេសចរណ៍ និងដាក់ទិសដៅយុទ្ធសាស្ត្រអាទិភាពចំនួន ៤ ដែលមានលក្ខណៈប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក ដោយតម្រូវឱ្យមានការសហការគ្នាយ៉ាងជិតស្និតរវាងរដ្ឋ និងឯកជន ដើម្បីប្រែក្លាយបញ្ហាប្រឈមជាឱកាស ស្តារទំនុកចិត្ត ពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនទេសចរណ៍កម្ពុជាឡើងវិញ។
កិច្ចប្រជុំលើកទី១១ របស់ ក.ផ.ផ. បានពិភាក្សាយ៉ាងស៊ីជម្រៅលើនិន្នាការថមថយនៃសកម្មភាពទេសចរណ៍ ព្រមទាំងឯកភាពជំរុញ ទិសដៅយុទ្ធសាស្ត្រអាទិភាពចំនួន ៤ ដែលមានលក្ខណៈប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក រួមមាន៖ ទី១.ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍អន្តរជាតិ តាមរយៈការកំណត់ទីផ្សារគោលដៅអាទិភាពឱ្យបានច្បាស់លាស់, ទី២. ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ឱ្យបានកាន់តែច្រើន តាមរយៈការជំរុញកិច្ចសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន ក្រុមហ៊ុនការីទេសចរណ៍ និងដៃគូពាក់ព័ន្ធ។
បន្ថែមពីនេះ យុទ្ធសាស្ត្រអាទិភាពទី៣៖ ការពង្រីកការផ្សព្វផ្សាយទេសចរណ៍កម្ពុជា «លើសពីអង្គរវត្ត និងជំរុញការទស្សនាកម្ពុជាឱ្យបានពេញមួយឆ្នាំ» ទាំងនៅរដូវកាលភ្ញៀវច្រើន និង រដូវកាលបៃតង, ទី៤៖ ការស្តារទំនុកចិត្ត និងលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការបង្កើនការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ប្រកបដោយភាពជឿជាក់ និងមានមូលដ្ឋានច្បាស់លាស់ ដោយផ្តោតលើសុវត្ថិភាព គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច និងបទពិសោធពិតរបស់ភ្ញៀវទេសចរ ដើម្បីពង្រឹងរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងមានភាពទាក់ទាញ។
ដើម្បីប្រែក្លាយទិសដៅយុទ្ធសាស្ត្រទាំង៤ ទៅជាលទ្ធផលជាក់ស្តែង កិច្ចប្រជុំបានផ្តោតលើការជំរុញយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយដែលមានលក្ខណៈចម្រុះនិងមានភាពប្រទាក់ក្រឡា តាមរយៈយន្តការ B2C (ពីអាជីវកម្មទៅអ្នកប្រើប្រាស់), B2B (រវាងអាជីវកម្មនិងអាជីវកម្ម), B2B2C (ពីអាជីវកម្មតាមរយៈដៃគូទៅអ្នកប្រើប្រាស់) និង B2G (ពីអាជីវកម្មទៅស្ថាប័នរដ្ឋ)៕