ភ្នំពេញ៖កម្ពុជាកំពុងត្រៀមទទួលស្វាគមន៍ ពាណិជ្ជករ វិនិយោគិន និងថ្នាក់ដឹកនាំ សមាគមចិនទៀជីវប្រមាណ ១២០០នាក់ មកពីបណ្ដាប្រទេសនានា ដើម្បីចូលរួមសន្និសីទពាណិជ្ជករជនជាតិចិន ទៀជីវ ពិភពលោកលើកទី១១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ នេះជាលើកដំបូងដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះសន្និសីទ ហើយគឺជាឱកាសផ្សព្វផ្សាយសក្ដានុពលសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគពីបរទេស។
មុខសន្និសីទអន្តរជាតិនេះចូលមកដល់ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា កាលពីថ្ងៃទី ៧ វិច្ឆិកា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងជំរុញការត្រៀមរៀបចំសន្និសីទឱ្យបានរួចរាល់។ក្នុងកិច្ចប្រជុំនៅ លោកថា ក្នុងបរិបទស្ថានការណ៍អន្តរជាតិមានការប្រែប្រួល កម្ពុជាចាំបាច់ត្រូវបន្តពង្រឹងបរិយាកាសធុរកិច្ច និងទាក់ទាញការវិនិយោគពីបរទេស។លោកក៏បានជំរុញឱ្យក្រុមការងារសហការគ្នាឱ្យបានល្អ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយជោគជ័យ។
គួរបញ្ជាក់ថា សន្និសីទពាណិជ្ជករជនជាតិចិន ទៀជីវ ពិភពលោកនេះ គឺជាវេទិកាធុរកិច្ចអន្តរជាតិដែលរៀបចំឡើងរៀងរាល់ពីរឆ្នាំម្ដង ដោយប្រមូលផ្ដុំពាណិជ្ជករ និង សហគ្រិនចិនទៀជីវមកពីជុំវិញពិភពលោក។កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបានរៀបចំកិច្ចប្រជុំត្រៀមសម្រាប់សន្និសីទលើកទី១១នេះ ដោយមានពាណិជ្ជករ និងវិនិយោគិនចិនទៀជីវរាប់រយនាក់ចូលរួម។
ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំសំខាន់ បានជួបពិភាក្សា និងកំណត់របៀបវារៈសម្រាប់សន្និសីទធំនៅខែធ្នូ។ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ក៏បានអំពាវនាវឱ្យអ្នកជំនួញចិនទៀជីវ មកបណ្ដាក់ទុននៅកម្ពុជាផងដែរ៕