ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា ព្រមទាំងក្រុមគ្រួសារ ចូលរួមរំលែកទុក្ខ សោកស្តាយជាពន់ពេក និងក្តុកក្តួលជាទីបំផុត ចំពោះការបាត់បង់ជីវិតសិស្សសាលាចំនួន៥នាក់ ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏សោកសង្រេងនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
តាមបណ្ដាញសង្គមផ្លូវការរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឱ្យបាត់បង់ជីវិតសិស្សសាលា ចំនួន៥នាក់ រស់នៅស្រុកពារាំង ខេត្តព្រៃវែងនេះ គឺជាសោកនាដកម្មដ៏សែនខ្លោចផ្សាមួយ និងជាការបាត់បង់នូវយុវជនបន្តវេន ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ នាពេលអនាគត។
ក្នុងវេលាដ៏មហាក្រៀមក្រំនេះ លោក ស សុខា និងភរិយា ព្រមទាំងក្រុមគ្រួសារ បានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសពសិស្សទាំងអស់ ដោយក្តីអាឡោះអាឡ័យជាទីបំផុត និងឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោសព្រំ និងដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ក្មួយៗទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕