ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨-៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី ចំនួន ៤៥នាក់ ក្នុងនោះមានស្រី០៧នាក់ ក្រោយពួកគេពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការបណ្ដេញចេញនេះ ដោយអនុវត្តតាមការណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលកន្លងមក សម្តេច ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»៕