ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តចាត់វិធានការហាមឃាត់ «ការលក់ដូរ និងការផ្សព្វផ្សាយ»ពីភេសជ្ជៈប៉ូវកម្លាំង ,អាហារមានជាតិ ខ្លាញ់ អំបិល និងស្ករខ្ពស់ ក្នុងសាលារដ្ឋ និងឯកជន។ការណែនាំនេះ ធ្វើឡើងក្នុងសារលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤ - ៦ វិច្ឆិកា ២០២៦) ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»។
ក្នុងសារលិខិតនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភ ដល់សិស្សានុសិស្សនៅក្នុងកម្មវិធីសិក្សា អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងត្រូវពង្រឹងវិធានការលើកកម្ពស់សុវត្តិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា និងហាមឃាត់ ការទទួលទាន ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផល ភេសជ្ជះប៉ូវកម្លាំងគ្រប់ប្រភេទ ផលិតផលម្ហូបអាហារដែលមានជាតិ ខ្លាញ់ អំបិល ស្ករខ្ពស់ និងអាហារដែលគ្មានសុវត្តិភាព ឬគ្មានអនាម័យ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។
គួរបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ឆ្នាំនេះ កម្ពុជាសម្រេចជ្រើសរើសយក ប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» ដើម្បីជំរុញលើកទឹកចិត្តដល់គ្រប់តួអង្គដែលធ្វើការងារពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ឱ្យបង្កើនកិច្ចអន្តរាគមន៍ ដើម្បីធានាថា នៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាព និងទទួលបានការការពារចំពោះ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ តាមរយៈការលើកកម្ពស់ប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ទឹកស្អាតនិងអនាម័យ និងការផ្លាស់ប្តូរឥរិយាបថសង្គម។
តាមរយៈសារលិខិត សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពខ្ពស់បំផុត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយទទួលស្គាល់ថា ការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពធន់ គឺអាស្រ័យជាចម្បងលើសុខភាព ចំណេះដឹង និងសមត្ថភាពរបស់ប្រជាពលរដ្ឋ ហើយអាហារូបត្ថម្ភ គឺជាសសរស្តម្ភដ៏សំខាន់មួយ៕