ពោធិ៍សាត់៖ ក្រុមការងារសម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី៥ ខែវិច្ឆិកានេះ បានចុះជួយគ្រួសារស្ត្រីមេម៉ាយចិញ្ចឹមកូន១២នាក់ រស់នៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយឧបត្ថម្ភអង្ករមួយខែ ១០០គីឡូ និងសាច់ជ្រូកមួយថ្ងៃ២គីឡូក្រាម ក្រោយបុរសជាប្តីទៅមានប្រពន្ធថ្មី បន្សល់ទុកកូនតូចៗឱ្យប្រពន្ធចិញ្ចឹមបីបាច់តែឯងជាមួយជីវភាពក្រីក្រ។
បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ គ្រួសារមួយរស់នៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចាប់ដៃគ្នាកសាងជីវិតតាំងពីវ័យជាង១០ឆ្នាំ មានកូនរហូតដល់ទៅ១៧នាក់ បានបែកបាក់គ្នាដោយ បុរសជាប្តីទៅមានប្រពន្ធថ្មី ត្រូវបានសមត្ថកិច្ចជួយសម្របសម្រួល។ បុរសជាប្តីបានសន្យាជួយថ្លៃអាហារកិច្ចមួយខែ៥០ម៉ឺនរៀល ខណៈលោក សេង ទៀង ក្រុមការងារសម្តេចនាយករដ្ឋមន្រ្តី ជួយឧបត្ថម្ភបន្ថែម។
គ្រួសារនេះ បុរសជាប្តីមានឈ្មោះ គា ចន្ធី អាយុ ៤៧ឆ្នាំ រីឯស្ត្រីជាភរិយាឈ្មោះ សែម សុខ ឃឿន អាយុ ៤៥ឆ្នាំ។ ពួកគាត់ទាំងពីរនាក់ បានរៀបការនឹងគ្នាកាលពីឆ្នាំ១៩៩៥ មានកូន ជាចំណងដៃចំនួន១៧នាក់ ប៉ុន្តែកូន៥នាក់ បានស្លាប់ដោយសារជំងឺយូរឆ្នាំមកហើយ។ បច្ចុប្បន្ន កូននៅរស់ ១២នាក់ ប្រុស ៨នាក់ ស្រី ៤នាក់។ កូនបងគេអាយុ ២៤ឆ្នាំ ហើយកូនចុងក្រោយ មានអាយុទើប ១១ខែ ប៉ុណ្ណោះ។ គ្រួសារនេះ បានចែកផ្លូវគ្នាជាងមួយឆ្នាំមកហើយ ដោយបុរសជាប្តីទៅមានប្រពន្ធថ្មី បន្សល់ ទុកកូនតូចៗឱ្យប្រពន្ធចិញ្ចឹមបីបាច់តែឯងជាមួយជីវភាពក្រីក្រ។
លោក សេង ទៀង បានហៅបុរសជាប្តីមកជួបដោយផ្ទាល់ ដើម្បីសួរនាំពីបញ្ហាផ្តល់ការអប់រំ និងទាមទារឱ្យចេញថ្លៃអាហារកិច្ចដល់កូនៗ។ លោក សេង ទៀង បានទូន្មានទៅបុរសជាប្តីនោះថា ទង្វើចុះចោលផ្ទះមានប្រពន្ធមិនជួយ ចិញ្ចឹមកូនតូចៗ ជាទង្វើខ្វះទំនួលខុសត្រូវ ខ្វះធម៌មេត្តា ការអាណិតអាសូរចំពោះកូនៗ។ បន្ថែមពីលើនោះ ទង្វើបែបនេះ ជាការខុសទៅនឹងច្បាប់ឯកពន្ធភាព ដែលកំណត់ ឱ្យប្រពន្ធតែមួយ។
ក្នុងឱកាសនោះ លោក សេង ទៀង មិនទាមទារឱ្យបុរសនេះ ត្រឡប់មករកប្រពន្ធ និងកូនវិញនោះទេតែលោកទាមទារឱ្យបុរសជាប្តីត្រូវជួយថ្លៃអាហារកិច្ចចិញ្ចឹមកូនៗ។ នៅចំពោះសមត្ថកិច្ច បុរសជាប្តីបានសន្យាជួយ ថ្លៃអាហារកិច្ចមួយខែ៥០ម៉ឺនរៀល។ ក្នុងគ្រួសារនេះ ក្នុងមួយថ្ងៃហូបបាយ២០កំប៉ុង ស្មើនឹងប្រមាណ៤គីឡូក្រាម ហើយមួយខែ អស់១២០គីឡូក្រាម។ ដោយក្តីអាណិតក្មេងៗ និងឃើញពីការលំបាកក្នុងជីវភាពរបស់ម្តាយនោះ លោក សេង ទៀង បានសម្រេចជួយឧបត្ថម្ភជាអង្ករមួយខែ ១០០គីឡូក្រាម និងជួយជាសាច់ជ្រូកមួយថ្ងៃ២គីឡូក្រាម៕