Khmer suport khmer cc time

សម្តេច ហ៊ុន ម៉ាណែត កោតសរសើរសមាគមឧកញ៉ាកម្ពុជា ដែលតែងចាត់ទុកសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ច ជាការងារអាទិភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កំពង់ធំ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ កោតសរសើរចំពោះ សមាគមឧកញ៉ាកម្ពុជា ដែលតែងតែចាត់ទុកសកម្មភាពសប្បុរសធម៌ និងសង្គមកិច្ចជាការងារអាទិភាពមួយរបស់ខ្លួនដោយបានចូលរួម និងគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការប្រកាសនេះ ធ្វើឡើងនាឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ៥ខ្នង ៥៥បន្ទប់ ក្រោមគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី៣ វិច្ឆិកា ២០២៦។

សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច ហ៊ុន សែន ចាប់តាំងពីបានប្រកាសបង្កើតឡើងជាផ្លូវការមក សមាគមឧកញ៉ាកម្ពុជា បានចូលរួមយ៉ាងច្រើនក្នុងសកម្មភាពមនុស្សធម៌ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា មន្ទីរពេទ្យ សារមន្ទីរ ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា សម្លៀកបំពាក់ដល់សិស្សានុសិស្ស និងកុមារកំព្រាជាដើម។

ជាមួយគ្នានេះ សម្តេចក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ដូចជា ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគមដែលបាន និងកំពុងខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការផ្តួចផ្តើមបង្កើត និងរួមគ្នាអនុវត្តគម្រោង «ទាំងអស់គ្នាដើម្បីការអប់រំ» រហូតសម្រេចបាននូវសមិទ្ធផលដែលកំពុងអបអរសាទរនាថ្ងៃនេះ។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នវិស័យឯកជនដែលប្រមូលផ្តុំដោយធុរជន និងវិនិយោគិនលើពហុវិស័យបានបំពេញសកម្មភាពមនុស្សធម៌ជាច្រើននាពេលកន្លងមកជាមួយរាជរដ្ឋាភិបាល និងស្ថាប័នមនុស្សនានាក៏ដូចជាសកម្មភាពជួយដល់វីរៈកងទ័ព និងជនភៀសសឹក។ ជាក់ស្តែង សមិទ្ធផលជាអគារសិក្សាចំនួន ៥ខ្នង ស្មើនឹង ៥៥បន្ទប់គឺជាអំណោយរបស់សមាគមដោយមានការចូលរួមបរិច្ចាគធនធានរបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងសមាជិកជាច្រើនរូបទៀតដោយបានផ្តល់ជូនដល់វិទ្យាល័យ ទ្រៀល ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់, សាលាបឋមសិក្សា កកោះ ១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់, សាលាបឋមសិក្សា សមាគមឧកញ៉ាកម្ពុជា អូរសំបួរ ១ខ្នង ៥បន្ទប់, សាលាបឋមសិក្សា ហ៊ុន សែន ឈូកជីព្រះ ១ខ្នង ៥បន្ទប់ និងសាលាបឋមសិក្សា ជន្លែង ភូមិថ្មី ១ខ្នង ៥បន្ទប់ និងបានចំណាយពេលសាងសង់ ១១ខែ។ បន្ថែមពីលើនេះ សមាគមក៏បានឧបត្ថម្ភជួសជុលអគារចាស់ កែលម្អទីធ្លា សាងសង់ខ្លោងទ្វារ ផ្លូវបេតុង និងផ្តល់សម្ភារៈផ្សេងៗទៀតផងដែរ៕


Khcct banner

អត្ថបទទាក់ទង