ភ្នំពេញ៖ លោកស្រី Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាអំពើហិង្សាលើកុមារ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។
ការកោតសរសើរនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីគណៈប្រតិភូអមដំណើរផងដែរ។
ក្នុងជំនួបនេះ លោកស្រី Najat Maalla M’jid បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅ ដោយដាក់ប្រជាពលរដ្ឋជាស្នូល ជាពិសេសការពង្រឹងប្រព័ន្ធគាំពារសង្គម និងសន្តិសុខសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពកុមារ ព្រមទាំងប្រជាពលរដ្ឋទូទៅ។
លោកស្រីក៏បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដែលជាគោលនយោបាយដ៏សំខាន់សម្រាប់ពង្រឹងការការពារសិទ្ធិ និងសុវត្ថិភាពកុមារនៅកម្ពុជា។
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានបញ្ជាក់ថា ការដាក់មនុស្សជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមានសារៈសំខាន់ខ្លាំងណាស់។ ដើម្បីឱ្យគោលនយោបាយទាំងនេះទទួលបានជោគជ័យ កម្ពុជាចាំបាច់ត្រូវរៀបចំផែនការដោយផ្អែកលើស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យការការពារកុមារកាន់តែមានប្រសិទ្ធភាព។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងកសាងសន្តិភាព ស្ថិរភាពនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍បច្ចុប្បន្ន។
សម្តេចធិបតីបានចាត់ទុកភាពជាដៃគូ ការគាំទ្រ និងការរួមចំណែករបស់អង្គការសហប្រជាជាតិថា ជាកត្តាចាំបាច់ក្នុងការជួយកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសម្រេចគោលដៅទាំងនេះតាមផែនការដែលបានកំណត់។
ពាក់ព័ន្ធនឹងការការពារកុមារ សម្តេចធិបតីបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់អំពើហិង្សា និងការពារកុមារ តាមរយៈការដាក់ចេញនូវគោលនយោបាយគាំទ្រនានា ព្រមទាំងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៅកម្ពុជា។
សម្តេចក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រឹមតែផ្តោតលើការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដាក់ចេញវិធានការគាំទ្រដល់ស្ត្រី និងកុមារតូចៗផងដែរ។ ក្នុងនោះមាន «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ» ដែលអនុវត្តដោយមូលនិធិជាតិជំនួយសង្គម ក្នុងគោលបំណងលើកកម្ពស់សុខភាពមាតា និងទារក។ កម្មវិធីនេះក៏ផ្តល់ការគាំទ្រដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារផងដែរ។
លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាស្នូលនៃគោលនយោបាយអភិវឌ្ឍន៍។ ដូច្នេះ រាជរដ្ឋាភិបាលនឹងបន្តផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការពង្រឹងវិស័យសុខាភិបាល ការលើកកម្ពស់ចំណេះដឹង និងជំនាញ ព្រមទាំងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ៕