ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ នេះ មន្ទីរបរិស្ថានខេត្ត ដោយមានកិច្ចសហការគាំទ្រយ៉ាងពេញទំហឹង ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសរុបចំនួន ១ ៩០៦ករណី។ លទ្ធផលដ៏ធំធេងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាល។ ផ្អែកលើទិន្នន័យប្រៀបធៀប បើគិតធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ កន្លងទៅ បទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រការពារមានការថយចុះចំនួន ២៩ករណី។
សូមបញ្ជាក់ថា ក្នុងចំណោមបទល្មើសបង្រ្កាបបានមានបទល្មើសព្រៃឈើ ចំនួន ៦៣៦ករណី បទល្មើសសត្វព្រៃ ចំនួន ៥៣៥ករណី បទល្មើកាប់គាស់ ទន្រ្ទានដីព្រៃខុសច្បាប់ ចំនួន ៤៥០ករណី បទល្មើសនេសាទ ចំនួន ២៣៩ករណី និងបទល្មើសធនធានរ៉ែ ចំនួន ៤៦ជាមួយគ្នានេះដែរ ក្រុមការងារ បានកសាងនិងបញ្ជូនសំណុំរឿង ១១៨សំណុំរឿងទៅតុលាការ និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ៧៩នាក់ និងបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៃក្រមបរិស្ថាននិងធនធានធម្មជាតិយ៉ាងម៉ឺងម៉ាត់បំផុត។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា យុទ្ធនាការរឹតបន្តឹងច្បាប់ និងការការពារសម្បត្តិធម្មជាតិនៅក្នុងប្រទេសកម្ពុជា កំពុងបង្ហាញផ្លែផ្កាយ៉ាងវិជ្ជមាន។ សញ្ញាណវិជ្ជមានដែលបង្ហាញថា ការបង្កើនការល្បាត ឥតឈប់ឈររបស់មន្ត្រីឧទ្យានុរក្ស និងកងកម្លាំងចម្រុះនៅតាមតំបន់ការពារធម្មជាតិ ការពង្រឹងចំណេះដឹង អំពីផលប៉ះពាល់នៃការបំផ្លាញព្រៃឈើ និងសត្វព្រៃទទួលបានផ្លែផ្កា។
លោកបានបញ្ជាក់ថា ការសម្រេចបានលទ្ធផលនៃការទប់ស្កាត់បទល្មើសទាំងអស់នេះ មិនអាចកាត់ផ្តាច់ចេញពីយន្តការ នៃការសហការគ្នាយ៉ាងរលូន រវាងមន្រ្តីឧទ្យានុរក្ស រួមជាមួយតំណាង ក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ អង្គការដៃគូ សមាគម អង្គការសង្គមស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិបានឡើយ។ ទោះបីជាតួលេខបទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់ក៏ដោយ ក៏មន្ទីរបរិស្ថានខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តប្តេជ្ញាចិត្តជំរុញការចុះល្បាត និងអនុវត្តច្បាប់តឹងរ៉ឹងបន្ថែមទៀត។
សូមបញ្ជាក់ថា តាមរយៈការបន្តប្តេជ្ញាចិត្តអនុវត្តយុទ្ធសាស្ត្រ ២.១ ដែលបានកំពុងដាក់ចេញរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រុមការងារចម្រុះបន្តពង្រឹងការអនុវត្តច្បាប់ ប្រឆាំងបទល្មើសធនធានធម្មជាតិបន្ថែមទៀត ដើម្បីធានាឱ្យបាននូវ តុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សជីវៈចម្រុះ ប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕