ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ វិច្ឆិកា បានប្រកាសសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ចូលរួមក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន តាមមុខផ្ទះ តាមដងផ្លូវសាធារណៈ ក៏ដូចជាការផ្តល់អាទិភាពក្នុងការធ្វើដំណើរជូនគណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសនានា ដែលមកបំពេញបេសកកម្ម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខ។
រដ្ឋបាលរាជធានីភ្នំពេញ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមអនុវត្តតាមការណែនាំរួមមាន៖ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ។
សូមរៀបចំដាក់ដងទង់ជាតិ និងចងទង់ជាតិនៅមុខផ្ទះ ឱ្យបានត្រឹមត្រូវមានរបៀបរៀបរយល្អ ជាពិសេសត្រូវពិនិត្យមើលក្រណាត់ទង់ជាតិដែលស្អាតល្អ មិនរហែក ឬស្លក់ពណ៌ ដើម្បីបង្ហាញពី អត្តសញ្ញាណជាតិក្នុងការលើកកម្ពស់កិត្យានុភាពជាតិសក្តិសមជាប្រជាជាតិមួយដែលមានវប្បធម៌ និងប្រពៃណីជាតិដ៏ផូរផង់ សម្រាប់ចូលរួមអបអរសាទរដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានេះ។
ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានា ដែល ស្ថិតនៅអមតាមដងផ្លូវសាធារណៈទាំងអស់ សូមចូលរួមរៀបចំធ្វើរបងបិទបាំងនៅមុខទីតាំងដីទំនេរ និងរបងហ៊ុមព័ទ្ធការដ្ឋានរបស់ខ្លួន ដោយធ្វើការកែលម្អឱ្យមានសោភណភាព របៀបរៀបរយ និង អនាម័យបរិស្ថានឱ្យបានល្អប្រសើរ។ ជាពិសេសម្ចាស់ការដ្ឋានសាងសង់សំណង់នានាទាំងអស់ ត្រូវ ផ្អាកការសាងសង់ជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់។
ទន្ទឹមនឹងនេះ ហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយពុំមានការអនុញ្ញាត។ ហាមចតយានយន្តគ្រប់ប្រភេទនៅតាមតម្រាយផ្លូវដែលមានក្នុងសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀស ចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ។ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមដងវិថី និងមហាវិថី មួយចំនួន ក្នុងរាជធានីភ្នំពេញ សូមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយគណៈប្រតិភូជាតិ និងអន្តរជាតិ នឹងធ្វើដំណើរ ឆ្លងកាត់តាមដងវិថី និងមហាវិថី មួយចំនួន ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និង ព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរ និងអាចមានការកកស្ទះក្នុងការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕