បន្ទាយមានជ័យ៖ ក្រសួងបរិស្ថាន នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានផ្តល់កូនឈើចម្រុះសរុបចំនួន ៣ ០០០ ដើម រួមមានដើមអំពិលទឹកបារាំង ដើមក្រញូង ក្ងោក និងដើមអូញម៉ូញ ជូនដល់អាជ្ញាធរ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ និងភាគីពាក់ព័ន្ធ ដើម្បីធ្វើការដាំនៅទំនប់ ប្រឡាយ តាមផ្លូវនិងតាមលំនៅឋាន ក្នុងភូមិរង់ចាំ ភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីប្រគល់ និងដាំកូនឈើនេះ ត្រូវបានប្រព្រឹត្តទៅនៅក្នុង «ភូមិរង់ចាំ» ដែលជាភូមិសាស្ត្រនៃជនភៀសសឹកតាមបណ្តោយព្រំដែន ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការដាំកូនឈើចម្រុះចំនួន ៣ ០០០ ដើម នាពេលនេះ មានគោលបំណងយុទ្ធសាស្ត្រសំខាន់ៗចំនួនបីរួមមាន ការបង្កើនគម្របបៃតង៖ ចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងបង្កើតគម្របបៃតង ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ ការបង្កើតគម្របបៃតងថ្មីនេះ ជាផ្នែកមួយនៃខែលការពារធម្មជាតិជួយស្រូបឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងភាពធន់របស់សហគមន៍ប្រឆាំងនឹងបាតុភូតធម្មជាតិនានា។ គាំទ្រដល់ជីវភាពពលរដ្ឋ៖ តាមរយៈការជំរុញឱ្យមានការដាំដំណាំ ដើមឈើនៅតាមគេហដ្ឋាន ដើម្បីជួយលើកកម្ពស់សន្តិសុខស្បៀង និងកាត់បន្ថយការចំណាយ។ គាំទ្រសហគមន៍មូលដ្ឋាន៖ តាមរយៈការលើកកម្ពស់សោភ័ណភាពបរិស្ថាន ផ្តល់ជាម្លប់ និងសម្រួលដល់លក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងតាំងទីលំនៅ និងរស់នៅក្នុង «ភូមិរង់ចាំ» ឱ្យកាន់តែមានភាពប្រសើរឡើង និងប្រកបដោយចីរភាព។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ព្រឹត្តិការណ៍នាថ្ងៃនេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់រវាងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងការអភិវឌ្ឍតំបន់ព្រំដែន មិនត្រឹមតែលើផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការកសាង «របងបៃតង» ដ៏រឹងមាំសម្រាប់ការពារបរិស្ថាន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង៕