Khmer suport khmer cc time

សមាគមឧកញ៉ាកម្ពុជា ចូលរួមព្រះរាជពិធីប្រទានភ្លើងទៀនជ័យ ក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែវិច្ឆិកា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមព្រះរាជពិធីប្រទានភ្លើងទៀនជ័យ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣–៩ វិច្ឆិកា ២០២៦) ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការទទួលបានឯករាជ្យពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មានការយាងចូលរួមដ៏ខ្ពង់ខ្ពស់ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័នតុលាការ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំង យុវជន យុវតី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីរួមគ្នាអបអរសាទរ និងរំលឹកនូវអត្ថន័យដ៏ជ្រាលជ្រៅនៃទិវាបុណ្យឯករាជ្យជាតិ។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងព្រះរាជពិធីនេះ បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការចូលរួមរបស់វិស័យឯកជនជាមួយស្ថាប័នជាតិ និងប្រជាពលរដ្ឋ ក្នុងការចងចាំ និងដឹងគុណចំពោះព្រះរាជបូជនីយកិច្ចរបស់ «ព្រះបរមរតនកោដ្ឋ» ព្រមទាំងការលះបង់របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវឯករាជ្យ អធិបតេយ្យ និងសន្តិភាពសម្រាប់មាតុភូមិកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ការគោរព និងការដឹងគុណចំពោះបុព្វបុរស ដោយចាត់ទុកឯករាជ្យជាតិ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនរបស់ប្រទេសជាតិ។ ក្នុងស្មារតីនេះ សមាគមឧកញ៉ាកម្ពុជា នឹងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិពាក់ព័ន្ធ ក្នុងការថែរក្សាតម្លៃនៃឯករាជ្យ សន្តិភាព និងស្ថិរភាព ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ រីកចម្រើន និងប្រកបដោយចីរភាព។

គួររម្លឹកថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាការរំលឹកដល់ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជបេសកកម្មទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ រហូតទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ៕

Khcct banner

អត្ថបទទាក់ទង