នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុនពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បើកនៅរាជធានីភ្នំពេញ ខេត្តកែបកំពុង ត្រៀមបង្ហាញសំឡេង និងអត្តសញ្ញាណពិសេសរបស់ខ្លួន។ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្លាសមាគមឆ្នេរកែប Kep-sur-Mer នៅភូមិអន្តរជាតិ នឹងមិនមែនគ្រាន់តែជាកន្លែងតាំងពិព័រណ៍ធម្មតាទេ។ វានឹងជាកន្លែងដ៏រស់រវើក បង្ហាញពីប្រវត្តិសាស្ត្រ បច្ចុប្បន្ន និងអនាគតប្រកបដោយចីរភាព ការចូលរួមរបស់ប្រជាពលរដ្ឋ និងស្មារតីហ្វ្រង់កូហ្វូនី។
ការជួបគ្នាមួយ និងសំណួរដ៏សាមញ្ញមួយ
រឿងរ៉ាវទាំងអស់ចាប់ផ្តើមពីការសន្ទនាដ៏សាមញ្ញមួយ ដែលកើតឡើងដោយចៃដន្យរវាងមនុស្សដែលមានចំណង់ចំណូល ចិត្តដូចគ្នា។ នៅពេលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូល អ្នកសារព័ត៌មានម្នាក់បានសួរលោកស្រី Lysiane Salmon (Lili) ដែលរស់នៅកែបតាំងពីឆ្នាំ២០០២ និងជាម្ចាស់សណ្ឋាគារ Hôtel de la Plage ថា៖ «ចុះអ្នកវិញ តើបានរៀបចំអ្វីខ្លះ សម្រាប់ខេត្តកែប?»
សំណួរដ៏ខ្លីនេះបានក្លាយជាចំណុចចាប់ផ្តើម។ ហេតុអ្វីបានជាទីក្រុងមាត់សមុទ្រដ៏មានមន្តស្នេហ៍ ដែលឆ្លងកាត់ប្រវត្តិសាស្ត្រជា ច្រើនសម័យ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយវប្បធម៌បារាំង មិនគួរមានវត្តមានក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ?
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ គំនិតនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ជុំវិញ Lili មានអ្នកស្រឡាញ់កែបមួយក្រុមបានចូលរួម៖ អ្នកនាង Alexia Pinon ដែលសកម្មក្នុងវិស័យភោជនីយដ្ឋាន និងទេសចរណ៍ឆ្នេរ លោក Emmanuel Pezard មគ្គុទ្ទេសក៍ និងសហស្ថាបនិក Kep Autrement ដែលកំពុងរៀបចំសៀវភៅរឿងខ្លីអំពីកែប អ្នកនាង Marie Ganachau អ្នកគ្រប់គ្រងសណ្ឋាគារ និងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រតំបន់; និងសិល្បករ ឃុន វណ្ណះ ដែលម្ចាស់ស្នាដៃ «The Spirit of Kep» បង្ហាញមុខមាត់ថ្មីនៃទីក្រុងនេះ។ ទោះមានប្រវត្តិខុសគ្នា ក៏ពួកគេមានសេចក្តីស្រឡាញ់ចំពោះកម្ពុជា និងកែបដូចគ្នា។ ពួកគេចង់ឱ្យកែបប្រាប់រឿងរ៉ាវរបស់ខ្លួន បង្ហាញភាពរស់រវើករបស់អ្នកស្រុក និងក្តីសង្ឃឹមសម្រាប់អនាគត មិនមែនត្រឹមតែតាមសុន្ទរកថាផ្លូវការប៉ុណ្ណោះទេ។
ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ពីដៃគូម្នាក់ ដែលបានមើលឃើញតម្លៃនៃគម្រោង គំនិតនេះក៏ក្លាយជាការពិត៖ ខេត្តកែបនឹងមានពន្លាផ្លូវការរបស់ខ្លួននៅភូមិអន្តរជាតិ។
ទំនាក់ទំនងពិសេសជាមួយប្រទេសបារាំង៖ ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងចំណេះជំនាញ
ការចូលរួមរបស់កែបក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺសមហេតុផលព្រោះខេត្តនេះមានទំនាក់ទំនងពិសេសជាមួយប្រទេស បារាំងអស់រយៈពេលជាងមួយសតវត្សរ៍។ ទំនាក់ទំនងនោះកើតចេញពីការផ្លាស់ប្តូរវប្បធម៌ របៀបរស់នៅ និងការផ្ទេរ ចំណេះដឹង។
នៅកែប មានការសាកល្បងប្រើប្រាស់បេតុងអាម៉េក្នុងស្ថាបត្យកម្មសម័យទំនើបតាមឆ្នេរ។ ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលជាយុគសម័យសង្គមរាស្ត្រនិយម ស្ថាបត្យកម្មខ្មែរថ្មីបានបញ្ចូលបច្ចេកទេសទាំងនេះជាមួយអាកាសធាតុ និងសោភ័ណភាព ខ្មែរ។ ទំនាក់ទំនងនេះក៏ឃើញតាមរយៈការស្តារចម្ការម្រេច ការងារផលិតអំបិល និងរបៀបរស់នៅស្ងប់ស្ងាត់ស្របតាមធម្មជាតិ។
លើសពីព្រឹត្តិការណ៍មួយ៖ កសាងចលនាដែលមានអនាគតយូរអង្វែង
ភាពស្រស់ស្អាតនៃដំណើររួមគ្នា ស្ថិតនៅលើអ្វីដែលអាចបន្តទៅមុខក្រោយព្រឹត្តិការណ៍។ តាមរយៈការចុះជួបប្រជាពលរដ្ឋ សហគមន៍ និងអ្នកធ្វើការក្នុងវិស័យផ្សេងៗ ក្រុមការងារបានយល់ថា ថាមពលរួមគ្នានេះមិនគួរបញ្ចប់ត្រឹមកិច្ចប្រជុំកំពូលឡើយ។
ហេតុនេះហើយបានជាសមាគមឆ្នេរកែប Kep-sur-Mer ត្រូវបានបង្កើតឡើងដើម្បីជាកន្លែងសន្ទនា អភិរក្ស និងអនុវត្ត គម្រោង។ តាំងពីដំបូងសមាគមទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីអាជ្ញាធរមូលដ្ឋាន និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប។ សកម្មភាពរបស់សមាគមផ្អែកលើគោលដៅសំខាន់បី។
គោលដៅទីមួយ គឺលើកកម្ពស់អត្តសញ្ញាណ និងភាពទាក់ទាញរបស់ខេត្ត តាមរយៈទេសចរណ៍ដែលមានការទទួលខុសត្រូវ និងរបៀបរស់នៅតាមឆ្នេរ។ សមាគមគាំទ្រគម្រោងសំខាន់ៗ ដូចជាផ្លូវដើរកម្សាន្តតាមឆ្នេរប្រវែង២,៤គីឡូម៉ែត្រ ពីផ្សារក្តាមទៅ ព្រៃកោងកាង ការរៀបចំក្លឹបចែវទូក និងទិសដៅក្នុងផែនការមេឆ្នាំ២០២៣–២០៣៥ រួមទាំងការជួសជុលអតីតព្រះរាជ ដំណាក់របស់ព្រះមហាក្សត្រី ស៊ីសុវត្ថិ កុសមៈ ឱ្យក្លាយជាសារមន្ទីរខេត្ត។
គោលដៅទីពីរ ផ្តោតលើយុវជន ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សមាគមគាំទ្រគម្រោងមជ្ឈមណ្ឌលភាសា បារាំងកំពត–កែប ដែលគ្រោងបើកនៅខែតុលា ឆ្នាំ២០២៧ ក្រោមការផ្តួចផ្តើមរបស់លោក Pierre Lechauguette។ សមាគមក៏គាំទ្រកិច្ចសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលមានវត្តមាននៅកែប និងការបង្កើតការ បណ្តុះបណ្តាលសម្រាប់ការងារសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មទទួលភ្ញៀវ។
គោលដៅទីបី គឺថែរក្សា និងបន្តបេតិកភណ្ឌរបស់ខេត្ត ដោយប្រមូលការចងចាំ និងរឿងរ៉ាវរបស់អ្នកស្រុកកត់ត្រាស្ថាបត្យកម្ម សម័យទំនើប និងបោះពុម្ពផ្សាយទស្សនាវដ្តី «Les Cahiers de Kep» ឬ «កំណត់ត្រាអំពីកែប»។
បណ្តាញកម្លាំងសហគមន៍ និងគំនិតផ្តួចផ្តើមដែលគោរពបរិស្ថាន
សមាគមឆ្នេរកែប Kep-sur-Mer មិនបានចាប់ផ្តើមនៅលើទឹកដីដែលគ្មានសកម្មភាពនោះទេ។ តួនាទីរបស់សមាគម គឺជួយភ្ជាប់អ្នកដែលបានខិតខំធ្វើការនៅកែបអស់រយៈពេលយូរមកហើយ។
ក្នុងវិស័យសង្គម និងការអប់រំ មានមជ្ឈមណ្ឌលអប់រំកែប (CEK) និង Kep Children ដែលជួយកុមារ និងគ្រួសារ។ ក្នុងវិស័យបរិស្ថាន Marine Conservation Cambodia (MCC) កំពុងការពារធនធានសមុទ្រនៅកោះអាចម៍សេះ; សហគមន៍អូរក្រសារ ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កំពុងដាំព្រៃកោងកាងឡើងវិញ; ហើយគម្រោង S.E.A. Ocean Gallery កំពុងបង្កើតសារមន្ទីរក្រោមទឹក។
សកម្មភាពទាំងនេះក៏រួមបញ្ចូលការច្នៃប្រឌិតសិល្បៈតាមរយៈ Art for Kep និងការចូលរួមពីវិស័យឯកជន។ ក្រុម Samanea Resort ដែលអភិវឌ្ឍការទទួលភ្ញៀវដោយគោរពព្រៃកោងកាង និងឆ្នេរសមុទ្រ ជាឧទាហរណ៍ថា អាជីវកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋអាចដើរទៅមុខជាមួយគ្នា។
ពន្លាដ៏រស់រវើក៖ ការស្វែងយល់ ការភ្លក់រសជាតិ និងការចែករំលែក
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្លា Kep-sur-Mer នៅភូមិអន្តរជាតិហ្វ្រង់កូហ្វូនី នឹងមិនមែនគ្រាន់តែ ជាកន្លែងផ្តល់ព័ត៌មានទេ ប៉ុន្តែជាកន្លែងជួបជុំដ៏កក់ក្តៅ រស់រវើក និងពោរពេញដោយការចែករំលែក។
ភ្ញៀវនឹងបានស្វែងយល់ពីផលិតផលពិសេសរបស់ខេត្ត រួមមានម្រេចកំពតដ៏ល្បីល្បាញ ដែលតំបន់ដាំដុះដើមស្ថិតនៅកែប ផ្កាអំបិល ទឹកជ្រលក់ប្រពៃណី បង្គាក្រៀម និងផលិតផលផ្សេងៗទៀត។ នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ដៃគូ និងអ្នកចូលរួម នឹងរៀបចំកម្មវិធីភ្លក់ម្ហូប និងផលិតផលពិសេសៗ។ អំណោយនឹងត្រូវបានរៀបចំសម្រាប់សមាជិកថ្មី ហើយអាចផ្តល់ជូនភ្ញៀវ ដែលមកសន្ទនា និងគណៈប្រតិភូផ្លូវការផងដែរ។
ទោះបីពន្លានេះស្ថិតក្នុងបរិបទហ្វ្រង់កូហ្វូនីក៏ដោយ ការគោរពភាពចម្រុះនៃវប្បធម៌គឺជាតម្លៃសំខាន់។ មនុស្សគ្រប់ជាតិសាសន៍ ត្រូវបានស្វាគមន៍ដោយគ្មានការរើសអើង។ ក្រុមការងារនឹងទទួលភ្ញៀវជាភាសាបារាំង ខ្មែរ និងអង់គ្លេស ព្រោះការចែករំលែក ការចង់ស្វែងយល់ មិត្តភាព និងសន្តិភាពរវាងប្រជាជន ឆ្លងកាត់ព្រំដែនភាសា។
សូមចូលរួមក្នុងដំណើរនេះជាមួយយើង!
មិនថាអ្នកចូលចិត្តប្រវត្តិសាស្ត្រ ស្រឡាញ់សមុទ្រ ជាអ្នកធ្វើអាជីវកម្ម ឬគ្រាន់តែចង់ជួបជុំក្នុងបរិយាកាសរីករាយនោះទេ យើងសូមអញ្ជើញអ្នកមកជួបយើង!
ពន្លានេះជាឱកាសដ៏ល្អសម្រាប់ការសន្ទនា និងការចូលជាសមាជិកសមាគមឆ្នេរកែប Kep-sur-Mer។ មិនថាអ្នកជាបុគ្គល ក្រុមហ៊ុន សមាគម ឬអ្នកឧបត្ថម្ភ ការចូលរួមរបស់អ្នកជាកម្លាំងមួយក្នុងការកសាងអនាគតរបស់កែប ដែលដាក់មនុស្ស វប្បធម៌ និងបរិស្ថានជាចំណុចស្នូល។
ព្រោះកែបមិនមែនគ្រាន់តែជាការចងចាំដែលនៅសល់លើជញ្ជាំងថ្ម ឬជារូបភាពអនុស្សាវរីយ៍ពីអតីតកាលនោះទេ។ កែបគឺជាទឹកដីដែលនៅរស់រវើក ពោរពេញដោយភាពកក់ក្តៅ និងកំពុងបោះជំហានឆ្ពោះទៅរកអនាគត។
ព័ត៌មានសម្រាប់អ្នកចូលរួម
ព្រឹត្តិការណ៍៖ ពន្លា Kep-sur-Mer នៅភូមិអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងតំបន់ «ហ្វ្រង់កូហ្វូនីនៅកម្ពុជា»
កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់
ទីកន្លែង៖ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទំនាក់ទំនង៖ [email protected] / Telegram និង WhatsApp៖ +855 12 540 360
គេហទំព័រ៖ kepsurmer.com