កណ្ដាល៖ សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំពោះអ្នកបើកបររថយន្តដឹកសិស្ស បណ្ដាលឱ្យសិស្សសាលាប៊ែលធី ចំនួន ៥នាក់ បាត់បង់ជីវិត និង២នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចូលស្រះទឹក នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
បើតាមសមត្ថកិច្ចខេត្តកណ្តាល បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (បើករថយន្តធ្លាក់ចូលស្រះទឹក) កើតហេតុនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ (២៨-២៩) ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ(២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងរថយន្តនេះមានដឹកអ្នករួមដំណើរ ចំនួន២៦នាក់ ប្រុស១២នាក់ ស្រី១៤នាក់ (ជាសិស្សសាលា)។
ករណីនេះបណ្តាលឱ្យសិស្សចំនួន ៥នាក់(ភេទស្រី)បាត់បង់ជីវិត, របួសធ្ងន់ ចំនួន ៣នាក់ (ស្រី១នាក់) និងរបួសស្រាលចំនួន១៨នាក់ (ស្រី៨នាក់)។ ចំពោះរថយន្តដឹកសិស្សខាងលើជារថយន្តឯកជន ដែលអាណាព្យាបាលសិស្សជួលដឹកសិស្សសាលាប៊ែលធីពីស្រុកពារាំង ខេត្តព្រៃវែង មករៀននៅសាលាប៊ែលធី សាខាព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
ចំណែក អ្នកបើកបររថយន្តខាងលើ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន កំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។ បើតាមការសន្និដ្ឋានជាបឋមពីសមត្ថកិច្ចជំនាញ បណ្តាលមកពីអ្នកបើកបររថយន្ដបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានម៉ូតូបើកឆ្លងកាត់ផ្លូវ ហើយរថយន្តបើកគេចទៅស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះទឹក៕