លោក ម័រហ្គេន ចនហ្វ្រែនស៊ីស (Morgan John Francis) ស្ថាបនិកអង្គការទន្លេគ្លីនិកកម្ពុជា ជាជនជាតិអាម៉េរិក បានចំណាយពេលជាង ៣ទសវត្សរ៍ក្នុងការបំពេញការងារមនុស្សធម៌នៅកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល តាមរយៈការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋរស់នៅតាមភូមិបណ្តែតទឹកលើបឹងទន្លេសាប។ ដោយសារការរួមចំណែកក្នុងការងារមនុស្សធម៌នេះ លោកត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានសញ្ជាតិខ្មែរ និងមានឈ្មោះជាខ្មែរថា ម័រហ្គេន ករុណា។
សម្រាប់ប្រជាពលរដ្ឋរស់នៅតាមភូមិបណ្តែតទឹកក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប លោក ម័រហ្គេន ករុណា និងក្រុមគ្រូពេទ្យរបស់អង្គការទន្លេគ្លីនិកកម្ពុជា ត្រូវបានស្គាល់តាមរយៈសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលអ្នកស្រុកនិយមហៅថា «ពេទ្យកប៉ាល់»។
លោក ម័រហ្គេន ករុណា មានដើមកំណើតនៅសហរដ្ឋអាមេរិក និងបានមករស់នៅខេត្តសៀមរាបតាំងពីឆ្នាំ១៩៩៤។ នៅឆ្នាំ១៩៩៨ លោកបានចូលរួមបង្កើត «មន្ទីរពេទ្យកុមារអង្គរ» ដែលជាមន្ទីរពេទ្យផ្តល់សេវាព្យាបាលជំងឺដល់កុមារដោយឥតគិតថ្លៃ។ បន្ទាប់មក នៅឆ្នាំ២០០៧ លោកបានបង្កើត «អង្គការទន្លេគ្លីនិកកម្ពុជា» ដើម្បីនាំយកសេវាសុខាភិបាលតាមផ្លូវទឹកទៅផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។
តាមប្រភពព័ត៌មានពីអ្នករៀបរាប់ អង្គការទន្លេគ្លីនិកកម្ពុជាបានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋប្រមាណ ១៦.០០០នាក់ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន អង្គការនៅតែបន្តសកម្មភាពមនុស្សធម៌នេះ ដោយមានក្រុមគ្រូពេទ្យជាជនជាតិខ្មែរបម្រើការជាប្រចាំ និងមានគ្រូពេទ្យជនជាតិបរទេសចូលរួមតាមឱកាសនានា។
តាមបទពិសោធន៍នៃការចុះយកព័ត៌មាន និងធ្វើដំណើរទៅកាន់បឹងទន្លេសាបជាមួយក្រុមគ្រូពេទ្យ ក្រុមការងារត្រូវចាប់ផ្តើមដំណើរតាំងពីម៉ោង ៤ទៀបភ្លឺជារៀងរាល់សប្តាហ៍ ដោយដឹកជញ្ជូនសម្ភារៈវេជ្ជសាស្ត្រ និងឱសថតាមទូក ឬកប៉ាល់ទៅកាន់ភូមិបណ្តែតទឹក។ ការធ្វើដំណើរមួយជើងត្រូវចំណាយពេលជាង ២ម៉ោង ហើយសម្រាប់ទៅមកត្រូវចំណាយពេលជាង ៤ម៉ោង។
ក្នុងដំណើរនោះ ក្រុមគ្រូពេទ្យត្រូវប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ភ្លៀងព្យុះ និងបញ្ហាខូចខាតទូក ឬកប៉ាល់នៅតាមផ្លូវ។ ទោះជាយ៉ាងណា ក្រុមការងារនៅតែបន្តចុះផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ទាំងនោះ។
ចំពោះប្រភពថវិកា អង្គការទន្លេគ្លីនិកកម្ពុជាអាចបន្តដំណើរការរហូតមកដល់បច្ចុប្បន្ន ដោយពឹងផ្អែកលើថវិកាផ្ទាល់ខ្លួនរបស់លោក ម័រហ្គេន ករុណា និងជំនួយពីសប្បុរសជនដែលជាមិត្តភក្តិរបស់លោក ទាំងជនជាតិខ្មែរ និងជនជាតិបរទេស។
ក្រៅពីការងារមនុស្សធម៌ លោក ម័រហ្គេន ករុណា ក៏បានទទួលយកទារិកាម្នាក់ដែលត្រូវបានគេបោះបង់ចោលមកចិញ្ចឹមជាកូនផងដែរ។ កាលពីខែមេសា ឆ្នាំ២០០២ លោកបានប្រទះឃើញទារិកានោះនៅមន្ទីរពេទ្យកុមារអង្គរ ដោយមានទម្ងន់ត្រឹមតែ ៧៥០ក្រាម ហើយបានសម្រេចចិត្តយកមកចិញ្ចឹមបីបាច់ថែរក្សា ដោយមានភរិយាជាជនជាតិជប៉ុនចូលរួមផងដែរ។ បច្ចុប្បន្ន កូនស្រីរបស់លោកបានធំធាត់ និងបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ក្នុងជំនាញសិក្សាអន្តរជាតិ។
បច្ចុប្បន្ន លោក ម័រហ្គេន ករុណា មានអាយុ ៧៣ឆ្នាំ។ ដោយឧបនិស្ស័យ និងសេចក្ដីស្រលាញ់ ព្រមទាំងបេះដូងមនុស្សធម៌របស់លោកចំពោះប្រទេសកម្ពុជា លោកបានសម្រេចចិត្តមិនវិលត្រឡប់ទៅរស់នៅប្រទេសកំណើតវិញទេ ដោយសុខចិត្តផ្ញើឆ្អឹង និងរូបកាយ នៅក្នុងទឹកកម្ពុជា៕