ភ្នំពេញ៖ ភូមិហ្វ្រង់កូហ្វូនី ដែលជាកម្មវិធីអមជាមួយព្រឹត្តិការណ៍ហ្រ្វង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តិទៅជាមួយពន្លាជាតិប្រមាណ១៣០ ដាក់បង្ហាញផលិតផលនានា សម្តែងសិល្បៈ និងសក្តានុពលទេសចរណ៍នានា ពីប្រទេសនិយាយភាសាបារាំង។ កម្មវិធីនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣-១៧ វិច្ឆិកា នៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ ចូលរួមដោយសេរី និងឥតគិតថ្លៃ។
បើតាមលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស មកដល់ពេលនេះ កម្ពុជាមានពន្លាជាតិប្រមាណ១៣០ ដែលក្នុងនោះ ៧៣ពន្លា សម្រាប់ប្រទេស ៥៦។ បន្ថែមពីនេះ ក៏នឹងមានស្តង់ចំនួន៣០ សម្រាប់បង្ហាញអំពីម្ហូបអាហារ ដែលរួមមានម្ហូបអាហារខ្មែរ វៀតណាម ឡាវ ដែលជាប្រទេសជិតខាង និងប្រទេសនិយាយភាសាបារាំងផ្សេងៗទៀត ដូចជា រូម៉ានី និងម៉ារ៉ុក ជាដើម។ ភូមិហ្វ្រង់កូហ្វូនី ជាទីកន្លែងបង្ហាញពីផលិតផលនានា សម្តែងសិល្បៈ និងសក្តានុពលទេសចរណ៍នានា ពីប្រទេសនិយាយភាសាបារាំង រួមទាំងកម្ពុជាផងដែរ៕