Khmer suport khmer cc time

សម្តេច ប៊ុន រ៉ានី ចូលរួមរំលែកទុក្ខសិស្សសាលាប៊ែលធីទាំង៥នាក់ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹកនៅស្រុកខ្សាច់កណ្ដាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំ អំពីមរណភាពរបស់សិស្សានុសិស្សនៃសាលា ប៊ែលធី អន្ដរជាតិ ចំនួន៥រូប ដែលបានទទួលមរណភាពដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (រថយន្តធ្លាក់ចូលស្រះទឹក)។

សម្តេចបានចាត់លោក កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា នាំយកសម្ភារៈនិងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារនៃសពសិស្សទាំង៥រូបនៅគេហដ្ឋាននៃសព ស្ថិតនៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងសារនោះសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ក្មួយៗ ចៅៗ សិស្សានុសិស្សបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងពេលរថយន្តដឹកសិស្សក្រឡាប់ចូលស្រះទឹក។ ភ្លាមៗប្រជាពលរដ្ឋ និងសមត្ថកិច្ច បានជួយសង្គ្រោះសិស្សសាលា តែជាអកុសលសិស្ស៥នាក់ មិនអាចជួយបាន បណ្តាលឱ្យស្លាប់ដោយសារឈ្លក់ទឹក។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សិស្សដែលបានបាត់បង់អាយុជីវិតរួមមាន៖ ១. សៀង សុផាវត្តី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ ចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ២. ឡេង យូលី ភេទស្រី រស់នៅភូមិ ពហ៊ា ឃុំ កំពង់អំពិល ស្រុក ពារាំង ខេត្តព្រៃវែង ៣. លី នីតា ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ៤. សីហា សួស្តី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិ តាំងរលាង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ៥. ឃាង ឈីងឈីង ភេសស្រី អាយុ ១២ឆ្នាំរស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង៕ 

Khcct banner

អត្ថបទទាក់ទង