ភ្នំពេញ៖ សមត្ថកិច្ច នាថ្ងៃទី១២ ខែវិច្ឆិកានេះ បានធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាអ្នកដឹកជញ្ជូនម្ហូប នៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពបំពានលើរាងកាយស្រ្តីរងគ្រោះម្នាក់។
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ រិទ្ធ សុភារុន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូនម្ហូប នៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ ករណីប្រទូស្តកេរខ្មាស កាលពីថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥៧នាទី ចំណុចកើតហេតុ ផ្លូវ13BT ភូមិសន្សំសល់ទី៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ប្រព្រឹត្តទៅលើស្រ្តីរងគ្រោះម្នាក់ រស់នៅផ្ទះជួល ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ខណៈដែលជនសង្ស័យជិះម៉ូតូធ្វើជាវង្វេងផ្លូវហើយសួរនាំស្រ្តីរងគ្រោះ នៅពេលមេឃកំពុងភ្លៀង ហើយកន្លែងស្ងាត់ ក៏ជនសង្ស័យធ្វើសកម្មភាពបំពានលើរាងកាយស្រ្តីរងគ្រោះ បន្ទាប់មកក៏ជិះម៉ូតូគេចខ្លួនបាត់។
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្រ្តីរងគ្រោះក៏ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវមានវិធានការច្បាប់ទៅលើជនសង្ស័យ។ ពេលនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនិតិវិធី៕