កណ្តាល៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ពាក់ព័ន្ធនឹងករណីសង្ស័យចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន។ ហេតុការណ៍នេះត្រូវបានរាយការណ៍ថាបានកើតឡើងកាលពីវេលាម៉ោង ០៨: ៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋានសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។
យោងតាមសេចក្តីប្រកាសព័ត៌មានបឋមរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាយ សុខជា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ននៅឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង ដោយលទ្ធផលធ្វើតេស្តរកសារធាតុញៀនលើរូបគេបង្ហាញថាអវិជ្ជមាន។
តាមការបញ្ជាក់បឋមពីសមត្ថកិច្ច ជនសង្ស័យបាននាំកុមារីរងគ្រោះចេញពីផ្ទះក្នុងគោលបំណងជំរិតទារប្រាក់ពីក្រុមគ្រួសារ ប៉ុន្តែពុំទាន់ទទួលបានប្រាក់នោះឡើយ។ ប្រភពដដែលបានឱ្យដឹងបន្តថា ដោយសារជនសង្ស័យបារម្ភថាកុមារីរងគ្រោះស្គាល់អត្តសញ្ញាណខ្លួន ជនសង្ស័យបានដឹកកុមារីតាមម៉ូតូឆ្លងទូកត្រង់ចំណុចព្រែកតាផ ចូលទៅក្នុងភូមិសាស្ត្រឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។ នៅត្រង់ចំណុចប្រឡាយលេខ១២ ដែលជាទីតាំងស្ងាត់ ជនសង្ស័យបានឈប់សម្រាកប្រមាណ២០នាទី រួចបានល្បួងកុមារីឱ្យចុះទៅឈរលើចង្អើរសម្រាប់បង់សំណាញ់ ក្រោមហេតុផលថាថតរូបឱ្យ មុននឹងធ្វើសកម្មភាពរុញកុមារីទម្លាក់ចូលទៅក្នុងទឹកប្រឡាយបណ្តាលឱ្យបាត់បង់ជីវិត។
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន ទូរស័ព្ទដៃម៉ាក iPhone ចំនួន ០២គ្រឿង ស៊ីមកាតចំនួន ០២ និងម៉ូតូម៉ាក CLICK ពណ៌ស ពាក់ស្លាកលេខខេត្តបាត់ដំបង ចំនួន ០១គ្រឿង ខណៈលេខទូរស័ព្ទ និងព័ត៌មានលម្អិតនៃវត្ថុតាងត្រូវបានរក្សាទុកសម្រាប់នីតិវិធីស៊ើបអង្កេត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕