ភ្នំពេញ៖ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់បុរសមួយក្រុម ដែលបានប្រព្រឹត្តទង្វើមើលងាយ បៀតបៀន និងប៉ះពាល់ដល់រាងកាយ ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រីម្នាក់ដែលប្រកបរបរលក់ផ្លែឈើនៅក្នុងពិធីជប់លៀងមួយ បន្ទាប់ពីព័ត៌មាន និងវីដេអូពាក់ព័ន្ធនឹងករណីនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា «ស្ត្រីគ្រប់រូប ទោះបីប្រកបរបរ ឬមានស្ថានភាពជីវភាពបែបណាក៏ដោយ សុទ្ធតែមានសិទ្ធិទទួលបានការគោរព ការការពារ និងការប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព»។
តាមរយៈសេចក្តីថ្លែងទោសដែលចុះហត្ថលេខាដោយ លោកស្រី អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្រុមការងារបានសង្កត់ធ្ងន់ថា រាល់ទង្វើមើលងាយ បៀតបៀន និងបំពានលើរាងកាយ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី គឺជាអំពើដែលផ្ទុយទៅនឹងសីលធម៌សង្គម និងការគោរពតម្លៃមនុស្ស ហើយមិនអាចយកការលេងសើច ឬការកម្សាន្តមកធ្វើជាលេសបានឡើយ។ ចំពោះករណីខាងលើនេះ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យធ្វើការពិនិត្យស្រាវជ្រាវ និងបញ្ជាក់អង្គហេតុឱ្យបានច្បាស់លាស់ ដើម្បីចាត់វិធានការតាមច្បាប់ និងនីតិវិធីជាធរមាន ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ស្នើឱ្យសមត្ថកិច្ចក៏ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាព សុខុមាលភាព និងតម្រូវការជំនួយរបស់ស្ត្រីរូបនោះ ដោយឈរលើការគោរពឆន្ទៈ ឯកជនភាព និងសេចក្តីថ្លៃថ្នូររបស់គាត់ផងដែរ។
ក្រៅពីការជំរុញឱ្យមានចំណាត់ការផ្លូវច្បាប់ ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ចូលរួមប្រឆាំងនឹងទង្វើបៀតបៀន និងការរើសអើងលើស្ត្រី ព្រមទាំងជៀសវាងការចែកចាយរូបភាព វីដេអូ ឬការបញ្ចេញមតិដែលបង្កការអាម៉ាស់ បន្ទោស ឬធ្វើឱ្យស្ត្រីរូបនោះរងការឈឺចាប់បន្ថែមទៀត៕