Khmer suport khmer cc time

ទូតអាមេរិកថ្មីនៅកម្ពុជា នឹងធ្វើការជាមួយកម្ពុជា ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងបង្ក្រាប Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីអាម៉េរិកប្រចាំនៅកម្ពុជា លោក គ្រីស្តូហ្វឺ អាន់ឌើសុន (Christopher Anderson) បានចេញវីដេអូថ្លែងពីទស្សនវិស័យរបស់លោកក្នុងនាមជាទូតថ្មីរបស់អាម៉េរិកនៅកម្ពុជា ដោយបានប្តេជ្ញាធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងវិស័យផ្សេងៗទៀត ព្រមទាំងរួមដៃគ្នាបង្ក្រាបអំពើឆបោកអនឡាញ ព្រមទាំងបណ្តាញឧក្រិដ្ឋកម្មនៅពីក្រោយ។

តាមរយៈសារជាវីដេអូ លោក គ្រីស្តូហ្វឺ អាន់ឌើសុន បានបញ្ជាក់ថា លោកចូលកាន់តំណែងនេះដោយក្តីគោរពយ៉ាងជ្រាលជ្រៅចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់កម្ពុជា ក៏ដូចជាសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា។លោកបានចែករំលែកពីប្រវត្តិរបស់លោកជូនប្រជាជនកម្ពុជា ដោយបានធំដឹងក្តីនៅក្នុងទីប្រជុំជនកសិកម្មមួយ ក្នុងរដ្ឋវីស្កុនស៊ីន (Wisconsin) ដែលវិស័យកសិកម្ម គឺជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅប្រចាំថ្ងៃ ហើយកត្តានេះបានធ្វើឱ្យលោកមានអារម្មណ៍ស្និទ្ធស្នាលជាមួយប្រទេសកម្ពុជា។

បើតាមលោក គ្រីស្តូហ្វឺ អាន់ឌើសុន បានបន្តថា មុនពេលចូលបម្រើការងារក្នុងវិស័យការទូត លោកធ្លាប់ធ្វើជាវិស្វករប្រយុទ្ធនៃកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ហើយនៅឆ្នាំ២០១១ លោកបានដឹកនាំកងកម្លាំងទៅបំពេញបេសកកម្មនៅប្រទេសអាហ្វហ្គានីស្ថាន។ បទពិសោធន៍នេះ បានធ្វើឱ្យលោកយល់ច្បាស់យ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការធ្វើការងារជាក្រុម។

ទាក់ទងទំនាក់ទំនងអាម៉េរិក-កម្ពុជាវិញ លោក អាន់ឌើសុន បានសង្កត់ធ្ងន់ថា បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោកត្រាំ បានជំរុញឱ្យកម្ពុជា និងថៃ ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ប្រទេសទាំងពីរទទួលបានឱកាសជាប្រវត្តិសាស្ត្រ ក្នុងការពង្រឹងភាពជាដៃគូបន្ថែមទៀត ដោយរំពឹងថានឹងជំរុញឱ្យមានសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកាន់តែច្រើនផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក។

បន្ថែមពីនេះ លោក អាន់ឌើសុន ក៏បានត្រៀមធ្វើការជាអាជ្ញាធរកម្ពុជា ដើម្បីបង្ក្រាបទីតាំងឆបោកអនឡាញ ព្រមទាំងបណ្តាញឧក្រិដ្ឋកម្មនៅពីក្រោយ ដោយសកម្មភាពឧក្រិដ្ឋកម្មទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់ប្រជាជនកម្ពុជា និងប្រជាជននៅជុំវិញពិភពលោក។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក អាន់ឌើសុន បង្ហាញក្តីរំពឹងថា នឹងពង្រីកពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ ព្រមទាំងសម្រេចបានសមិទ្ធផលជាក់ស្តែងបន្ថែមទៀតលើវិស័យថាមពល សុខាភិបាល និងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង