លោក Jean Luc Moreau Deleris អ្នកកាសែតថតរូបជនជាតិបារាំង បានបញ្ជាក់ថា លោកដាក់តាំងរូបថតទាក់ទងនឹងថៃឈ្លានពានកម្ពុជានៅព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនីនេះ ព្រោះលោកចង់ឱ្យប្រតិភូអន្តរជាតិបានឃើញរូបភាពទាំងនេះ ហើយចង់ចែករំលែកសំឡេងរបស់កម្ពុជា តាមរយៈការងាររបស់លោកជាមួយសហគមន៍និយាយភាសាបារាំង។ បន្ថែមពីនេះ ប្រជាជនខ្មែរជាច្រើនបានឃើញរូបថតរបស់លោកនៅលើកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ ហើយការតាំងពិព័រណ៍នេះផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរបានឃើញរូបថតដើម និងជួបលោកដោយផ្ទាល់។ លើសពីនេះ លោកសង្ឃឹមថានឹងអាចលក់រូបថតមួយចំនួន ហើយបរិច្ចាគប្រាក់ដែលទទួលបាននោះជូនដល់ជនភៀសសឹក។
ទន្ទឹមនឹងនេះ លោកបានចែករម្លែកបទពិសោធន៍នៅពេលថតរូបភាពទាំងនោះថា លោកពិតជាមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ លោក បានលើកឡើងថា ក្នុងនាមជាអ្នកថតរូបដែលមានបទពិសោធន៍ម្នាក់ លោកធ្លាប់ចុះយកព័ត៌មានរាប់សិបករណី រួមទាំងជម្លោះផ្សេងៗនៅជុំវិញពិភពលោក។ ប៉ុន្តែកម្ពុជាគឺជាប្រទេសដែលលោកស្រលាញ់យ៉ាងខ្លាំង នៅពេលលោកស្ថិតនៅក្នុងប្រទេសកម្ពុជា លោកមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាមានឈាមជ័រជាខ្មែរខ្លះដែរ។ កត្តានេះធ្វើឱ្យបទពិសោធន៍លើកនេះមានភាពខុសប្លែកពីលើកមុនៗ។
អ្នកកាសែតរូបនេះ បានលើកឡើងថា «រឿងរ៉ាវរបស់ជនភៀសខ្លួនពិតជាគួរឱ្យរំជួលចិត្តខ្លាំងណាស់ ព្រោះពួកគេបានបាត់បង់អ្វីៗទាំងអស់ ទាំងផ្ទះសម្បែង ដីស្រែចម្ការ និងការចិញ្ចឹមជីវិត។ ជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរទាំងស្រុងក្នុងផ្លូវអាក្រក់ ដោយសារកងកម្លាំងថៃបានចូលកាន់កាប់តំបន់របស់ពួកគេ និងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលពួកគេធ្លាប់មាន។ រឿងរ៉ាវរបស់ស្ត្រីមេម៉ាយដែលបាត់បង់ប្តីក្នុងសង្គ្រាម ក៏ដូចជារូបភាពនៃប្រាសាទឬសំណង់ប្រវត្តិសាស្ត្រដែលត្រូវបានបំផ្លាញនោះ សុទ្ធតែបង្កឱ្យមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង។ វាពិតជាលំបាកណាស់»។
លោក Jean Luc Moreau Deleris ជឿថា កម្ពុជាមិនចង់ឱ្យមានសង្គ្រាមទេ ខណៈដែលភាគីថៃវិញគឺចង់ឱ្យមាន។ លោកគិតថា រដ្ឋាភិបាលថៃបច្ចុប្បន្នមិនមានបំណងចង់ផ្លាស់ប្តូរអ្វីនោះទេ។ លោកបន្តថា រដ្ឋាភិបាលនេះនឹងមិនកាន់អំណាចជារៀងរហូតឡើយ ហើយថ្ងៃណាមួយអាចនឹងមានការផ្លាស់ប្តូររដ្ឋាភិបាល នៅពេលនោះ ប្រហែលជាមានជនជាតិថៃមួយចំនួនដែលចង់បន្ធូរបន្ថយភាពតានតឹងទាំងនេះ។ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះ លោកមិនជឿជាក់ ឬទុកចិត្តលើរដ្ឋាភិបាលថៃឡើយ។
ក្នុងបទសម្ភាសន៍ លោកបានប្រាប់ថា ចាប់តាំងពីព្រឹកមក មានមនុស្សជាច្រើនបានមកទីនេះជាបន្តបន្ទាប់ ដើម្បីថតរូប និងសាកសួរលោកអំពីបញ្ហាផ្សេងៗ។ លោកគិតថា នេះបង្ហាញឱ្យឃើញថាមានការចាប់អារម្មណ៍ច្រើនពីពលរដ្ឋខ្មែរ និងបរទេស។ លោកក៏ទទួលបានទទួលពាក្យថ្លែងអំណរគុណជាច្រើនពីប្រជាជនកម្ពុជាផងដែរ។ គួរបញ្ជាក់ថា នៅថ្ងៃទី១៤ វិច្ឆិកា នេះ រូបថតប្រមាណ ៥០ សន្លឹកនឹងត្រូវដាក់តាំងបង្ហាញនៅសណ្ឋាគារសុខា ដើម្បីឱ្យប្រតិភូជាន់ខ្ពស់បានចូលទស្សនា៕