ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២៦នេះ បានសម្រេចការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយសាធារណរដ្ឋ រវ៉ាន់ ដា ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាផ្ទេរប្រាក់ ឆ្លងដែនទៅប្រទេស រវ៉ាន់ដា បានយ៉ាងឆាប់ រហ័ស និងប្រកបដោយសុវត្ថិភាព។ បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ពីបំណងក្នុងការភ្ជាប់ប្រព័ន្ធទូទាត់បាគង ជាមួយប្រព័ន្ធទូទាត់របស់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិកផ្សេងទៀតដែលជាសមាជិកប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) ដើម្បីធ្វើឱ្យការផ្ទេរប្រាក់ឆ្លងដែន និងប្រតិបត្តិការអាជីវកម្មខ្នាតតូចកាន់តែលឿន ងាយស្រួល និងមានតម្លៃសមរម្យ។ ការប្រកាសនេះ ធ្វើឡើងដោយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit នាពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។
ទន្ទឹមនឹងនេះ លោកស្រីបានបន្ថែមថា ធនាគារជាតិនៃកម្ពុជា នឹងពង្រីកការតភ្ជាប់ការទូទាត់ទាំងនេះទៅសេវាថែទាំសុខភាព ដោយអនុញ្ញាតឱ្យពលករចំណាកស្រុកអាចបង់ថ្លៃសេវា ឬការចំណាយលើសុខភាព សម្រាប់សមាជិកគ្រួសាររបស់ពួកគេដែលរស់នៅក្នុងប្រទេសផ្សេង។ ចំណុចសំខាន់គឺ ប្រាក់ទាំងនោះនឹងត្រូវបានបង់ចូលទៅក្នុងកម្មវិធីគាំពាសុខភាពថ្នាក់ជាតិជាផ្លូវការ ដោយមិនមែនគ្រាន់តែផ្ទេរទៅកាន់បុគ្គលឯកជនណាមួយនោះទេ។ បន្ថែមពីនេះ កម្ពុជាចង់ក្លាយជាវេទិកាសិក្សារួមមួយ ដែលនិយតករហិរញ្ញវត្ថុមកពីប្រទេសផ្សេងៗអាចសង្កេតមើលប្រព័ន្ធរួម ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកដំណោះស្រាយដែលសមស្របនឹងកាលៈទេសៈជាតិរបស់ពួកគេ។
គួររម្លឹកថា ប្រព័ន្ធបាគង (Bakong) កម្ពុជាបានសម្រេចការតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយ ប្រទេសចិន ឥណ្ឌា ជប៉ុន ឡាវ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម និងកំពុងពង្រីកការតភ្ជាប់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងរវ៉ាន់ដា នាពេលខាងមុខ។ បច្ចុប្បន្ន អាជីវករ និងពាណិជ្ជករជាង ២៥០ លាននាក់ នៅទូទាំងតំបន់ អាចទទួលការទូទាត់សងប្រាក់តាមរយៈប្រព័ន្ធបាគងបានយ៉ាងទូលំទូលាយ៕