Khmer suport khmer cc time

ខេត្តសៀមរាបទទួលបានបណ្ណកម្មសិទ្ធិដីធ្លីជាង ១៧ម៉ឺនបណ្ណ ខណៈគ្រោងចេញបណ្ណជាង ២៤ម៉ឺនក្បាលដីបន្ថែមក្នុងឆ្នាំ២០២៦

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ខេត្តសៀមរាបទទួលបានបណ្ណកម្មសិទ្ធិដីធ្លីសរុបចំនួន ១៧៥ ៣៦៤ បណ្ណ ដែលគ្របដណ្ដប់លើស្រុកចំនួន ៨ និងឃុំចំនួន ២៣ ខណៈក្បាលដីចំនួន ២៤៤ ៦៦៥ បន្ថែមទៀត គ្រោងនឹងបន្តចេញបណ្ណកម្មសិទ្ធិក្នុងឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្ដេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិក្នុងខេត្តសៀមរាប ដោយបណ្ណកម្មសិទ្ធិទាំង ១៧៥ ៣៦៤ បណ្ណនេះ ត្រូវបានចែកចាយតាមបណ្ដាស្រុកទាំង ៨ រួមមាន៖

ស្រុកពួក មានចំនួន ៥១ ៩៩៦ បណ្ណ គ្របដណ្ដប់លើឃុំចំនួន ៦ ស្រុកក្រឡាញ់មានចំនួន ៣០ ០៦១ បណ្ណ លើឃុំចំនួន ៤ ស្រុកស្រីស្នំមានចំនួន ១២ ៣៣៣ បណ្ណ លើឃុំចំនួន ២ ស្រុកសូទ្រនិគមមានចំនួន ១៥ ៧០៤ បណ្ណ លើឃុំចំនួន ២ ស្រុកជីក្រែងមានចំនួន ៣៥ ៤៥៥ បណ្ណ លើឃុំចំនួន ៤ ស្រុកអង្គរជុំមានចំនួន ១៩ ៨២០ បណ្ណ លើឃុំចំនួន ២ ស្រុកអង្គរធំមានចំនួន ២ ៣៥៦ បណ្ណ លើឃុំចំនួន ២ និងស្រុកប្រាសាទបាគងមានចំនួន ៧ ៦៣៩ បណ្ណ លើឃុំចំនួន ១។

ក្រៅពីការជំរុញការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ និងបង្កើតបរិយាកាសគ្មានវិវាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការរៀបចំដែនដី និងនគរូបនីយកម្មនៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរផងដែរ។ ក្នុងនោះ ក្រសួងកំពុងរៀបចំផែនការប្រើប្រាស់ដីសម្រាប់ភូមិទាំង ១១៤ នៅក្នុងតំបន់អង្គរ។

ជាមួយគ្នានេះ ក្រសួងក៏កំពុងពិនិត្យ និងរៀបចំដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋចំនួន ១ ៧៣៨ គ្រួសារ ដែលកំពុងរស់នៅក្នុងទីតាំងមិនរៀបរយតាមបណ្ដោយផ្លូវសាធារណៈក្នុងក្រុងសៀមរាប ដែលមានផ្ទះសរុបចំនួន ១ ៥៥១ ខ្នង។ ការងារនេះមានគោលបំណងស្វែងរកដំណោះស្រាយសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់អង្គរ និងក្នុងក្រុងសៀមរាប ទទួលបានលំនៅឋានសមរម្យ ជាទីជម្រកប្រកបដោយសុភមង្គល និងអាចលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

ការបន្តចេញបណ្ណកម្មសិទ្ធិដីធ្លី និងការរៀបចំផែនការប្រើប្រាស់ដីទាំងនេះ គឺជាកិច្ចការសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍការរៀបចំដែនដី និងលំនៅឋានប្រកបដោយសណ្តាប់ធ្នាប់នៅក្នុងខេត្តសៀមរាប។

Khcct banner

អត្ថបទទាក់ទង