Khmer suport khmer cc time

អង្គការសង្គមស៊ីវិលចំនួន ១៦ ប្រកាសសេចក្តីថ្លែងការណ៍រួម ពីការធ្វើវិសោធនកម្មច្បាប់អំពើហិង្សាក្នុងគ្រួសារ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួន ១៦ នាថ្ងៃទី១២ វិច្ឆិកា ២០២៦ បានប្រកាសសេចក្តីថ្លែងការណ៍រួម ដើម្បីស្នើរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់អំពើហិង្សាក្នុងគ្រួសារ។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា អំពើហិង្សាក្នុងគ្រួសារ ធ្វើឱ្យស្ត្រីនិងកុមារជាប់គាំងនៅក្នុងលំនៅឋានដែលគ្មានសុវត្ថិភាព រំខានដល់ការងារ និងការសិក្សា ព្រមទាំងបង្កការឈឺចាប់យូរអង្វែងទៅលើរាងកាយនិងផ្លូវចិត្ត។

បើតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា អំពើហិង្សាក្នុងគ្រួសារ ធ្វើឱ្យស្ត្រីនិងកុមារជាប់គាំងនៅក្នុងលំនៅឋានដែលគ្មានសុវត្ថិភាព រំខានដល់ការងារ និងការសិក្សា ព្រមទាំងបង្កការឈឺចាប់យូរអង្វែងទៅលើរាងកាយនិងផ្លូវចិត្ត។ អង្គការលីកាដូ(LICADHO) បានកត់ត្រាថា មានមនុស្សយ៉ាងតិចណាស់ ១៨១ នាក់ ត្រូវបានសម្លាប់ក្នុងករណីអំពើហិង្សាក្នុងគ្រួសារ ចាប់តាំងពីឆ្នាំ២០២០ មក ដោយក្នុងចំណោមនោះ មានស្ត្រី ២៤នាក់ កុមារី ៦នាក់ និងកុមារា ៥នាក់ ត្រូវបាន សម្លាប់ក្នុងរយៈពេលត្រឹមតែពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៦នេះ។ ជនរងគ្រោះជាច្រើន មិនទាន់ទទួលបានកិច្ចការពារគ្រប់គ្រាន់នោះឡើយ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត នៅតែបន្តរស់ ក្នុងស្ថានភាព ហានិភ័យ នៃគ្រោះថ្នាក់ពីអំពើហិង្សាក្នុងគ្រួសារ ។

បច្ចុប្បន្ន ការតាក់តែងសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ត្រូវបានគ្រោងឡើងក្រោមគម្រោង «ការពង្រឹងប្រព័ន្ធជាតិសម្រាប់ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ»។ គម្រោងនេះ អនុវត្តដោយរាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលរំពឹងថានឹងចាប់ផ្តើមសកម្មភាពនៅឆ្នាំក្រោយ។ បើតាមប្រភពដដែល បានបន្តថា «អ្នកដែលធ្លាប់ទទួលរងផលប៉ះពាល់ដោយអំពើហិង្សាក្នុងគ្រួសារ និងអង្គការសង្គមស៊ីវិលនានា ត្រូវតែទទួលបានការចូលរួមក្នុង «ក្រុមការងារពហុវិស័យ» ដែលនឹងត្រូវបានបង្កើតឡើងនៅក្រោមគម្រោងនេះ ដើម្បីធានាថា ច្បាប់ដែលបានធ្វើវិសោធនកម្មនោះ ឆ្លើយតបតាមតម្រូវការនានារបស់អ្នក ដែលប្រឈមហានិភ័យ អំពើហិង្សាក្នុងគ្រួសារគ្រប់រូប ជនប្រព្រឹត្តទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព ព្រមទាំងហាមឃាត់ការសម្រុះសម្រួលនិងការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការគ្រប់ទម្រង់ ដោយសារហេតុផលលើភាពមិនស្មើគ្នានៃទំនាក់ទំនងអំណាច ដែល កើតមាននៅក្នុងការរំលោភបំពានប្រភេទទាំងនេះ។»។

ជាមួយគ្នានេះ អង្គការសង្គមស៊ីវិលទាំង១៦ បានអំពាវនាវសារជាថ្មីម្តងទៀតដល់រាជរដ្ឋាភិបាល ធ្វើវិសោធនកម្ម ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារជាបន្ទាន់ ឱ្យស្របទាំងស្រុងតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងធានាថាអ្នករងផលប៉ះពាល់ពីអំពើហិង្សាក្នុងគ្រួសារ និងសង្គមស៊ីវិល បានចូលរួមប្រកបដោយអត្ថន័យពេញលេញនៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការ នេះ ដើម្បីធានាថា ប្រជាជនគ្រប់រូបអាចរស់ចាកផុតពីអំពើហិង្សា។

គួរបញ្ជាក់ថា ក្រុមការងារនៃអង្គការសង្គមស៊ីវិលដើម្បីធ្វើវិសោធនកម្មច្បាប់អំពើហិង្សាក្នុងគ្រួសារ រួមមាន៖ អង្គការបន្ទាយស្រី, អង្គការគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ, អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា, អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា, អង្គការក្លាហាន, អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា, អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍, អង្គការនារីដើម្បីសន្តិភាព, អង្គការភ្លែនអន្តរជាតិកម្ពុជា, អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ, សមាគមគាំពារស្រ្តីងាយរងគ្រោះ, អង្គការជំនួយជនបទ, អង្គការទ្រទ្រង់ស្រ្តីខ្មែរ, អង្គការអប់រំសុខភាព និងបរិស្ថាន, អង្គការសីលការ និងសហភាពការងារកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង