ភ្នំពេញ៖ លោក Khaled El-Enany អង្គនាយកនៃអង្គការយូណេស្កូ បានមានប្រសាសន៍ថា តាមរយៈគម្រោង PEACE និងដោយមានការគាំទ្រពីទីភ្នាក់ងារ KOICA អង្គការ UNESCO កំពុងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអភិរក្ស និងធ្វើឌីជីថលូបនីយកម្ម លើឯកសារនៅសារមន្ទីរ ព្រមទាំងធានាថា យុវជនជំនាន់ក្រោយអាចរៀនសូត្រពីប្រវត្តិសាស្ត្រនេះបាន។ សំណេរនេះ យោងទៅតាមគេហទំព័ររបស់លោកដែលបានចុះផ្សាយ បន្ទាប់ពីការបំពេញដំណើរទស្សនកិច្ចនៅ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬមន្ទីរ ស-២១ ។
លោក Khaled El-Enany អង្គនាយកនៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានបំពេញដំណើរទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬមន្ទីរ ស-២១ ស្វែងយល់ពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសអំពីគម្រោងអភិរក្សបណ្ណសារជំហានទី១ និងទី២ ដែលគាំទ្រដល់ការងារអភិរក្ស ការផ្សព្វផ្សាយ និងការអប់រំសន្តិភាព។
នៅក្នុងដំណើរទស្សនកិច្ច លោក Khaled El-Enany បានស្វែងយល់បន្ថែមពីទីតាំងប្រវត្តិសាស្ត្រមួយនេះ តាមរយៈការទស្សនាដោយសង្ខេបនូវពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ មានដូចជា បន្ទប់ឃុំឃាំងអ្នកទោស រូបថត និងរឿងរ៉ាវរបស់អ្នកទោស និងបណ្ណសាររបស់សារមន្ទីរ ដែលត្រូវបានចុះបញ្ជីជា «ការចងចាំនៃពិភពលោក» ព្រមទាំងការបង្ហាញអំពីកិច្ចការអភិរក្សឯកសារដែលទទួលបានការគាំទ្រពីអង្គការ UNESCO (តាមរយៈទីភ្នាក់ងារ KOICA)។ ជាចុងក្រោយលោកក៏បានចុះហត្ថលេខាក្នុងសៀវភៅភ្ញៀវរបស់សារមន្ទីរ ដាក់ផ្កាឈូកជានិមិត្តរូប នៅឯវិមានរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលត្រូវបានឃុំឃាំងនៅទីតាំងទួលស្លែងផងដែរ។
បន្ទាប់ពីបញ្ចប់ទស្សកិច្ចនេះ លោកបានសរសេរសំណេរលើបណ្តាញសង្គម X របស់លោកថា «ឯកសារបណ្ណសាររបស់សារមន្ទីរ ដែលត្រូវបានចុះក្នុងបញ្ជី «ការចងចាំនៃពិភពលោក» (Memory of the World) របស់អង្គការ UNESCO នៅឆ្នាំ ២០០៩ គឺជាកំណត់ត្រាដ៏សំខាន់អំពីអំពើឃោរឃៅដែលបានកើតឡើងក្នុងអំឡុងពេលនោះ។
តាមរយៈគម្រោង PEACE និងដោយមានការគាំទ្រពីទីភ្នាក់ងារ KOICA អង្គការ UNESCO កំពុងសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអភិរក្ស និងធ្វើឌីជីថលរូបនីយកម្មលើឯកសារទាំងនេះ ព្រមទាំងធានាថា យុវជនជំនាន់ក្រោយអាចរៀនសូត្រពីប្រវត្តិសាស្ត្រនេះបាន។ការចងចាំ និងការអប់រំ គឺជាកត្តាចាំបាច់សម្រាប់ការលើកកម្ពស់វប្បធម៌សន្តិភាព។»
ដំណើរទេស្សនៈកិច្ចនេះ ត្រូវបានទទួលស្វាគមន៍ដោយលោក លី វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ហង្ស និស្ស័យ ហង្ស និស្ស័យ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង អង្គការយូណេស្កូប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធ។
គួរបញ្ជាក់ថា បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានគណៈកម្មាធិការប្រឹក្សាអន្តរជាតិ កម្មវិធីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ជាផ្លូវការនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នាទីក្រុងប្រ៊ីតថោន ប្រទេសបារបាដូស ហើយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (មន្ទីរ ស-២១) ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ជាផ្លូវការនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។ នេះបើយោងតាមអង្គយូណេស្កូ៕