ភ្នំពេញ៖ លោក Christopher J. Anderson ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា នាថ្ងៃទី១៧ វិច្ឆិកា បានប្រគល់អំណោយឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺរបេង ដែលជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការបង្ការ និងប្រយុទ្ធនឹងជំងឺរបេងនៅកម្ពុជា។
បើតាមក្រសួងសុខាភិបាល អំណោយនេះ រួមមាន ម៉ាស៊ីនថតកាំរស្មីអ៊ិចឌីជីថល (Digital X-ray) ចំនួន ៩គ្រឿង ម៉ាស៊ីន GeneXpert ចំនួន ៨គ្រឿង មីក្រូទស្សន៍ចំនួន ៥០គ្រឿង ការធានា និងសេវាគាំទ្រសម្រាប់ម៉ាស៊ីន GeneXpert ចំនួន ៧០គ្រឿង ព្រមទាំងកម្មវិធីបច្ចេកវិទ្យាជំនួយអាន និងបកស្រាយរូបភាពកាំរស្មីអ៊ិចដោយប្រព័ន្ធកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត (AI)។
ជំនួយទាំងនេះ នឹងរួមចំណែកពង្រឹងបណ្តាញធ្វើរោគវិនិច្ឆ័យជំងឺរបេង បង្កើនសមត្ថភាពស្វែងរកអ្នកជំងឺឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ ជាពិសេសជំងឺរបេងធន់នឹងឱសថ ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលទាន់ពេលវេលា។ ការប្រើប្រាស់បច្ចេកវិទ្យា Digital X-ray និង AI ក៏នឹងជួយពង្រីកការពិនិត្យស្វែងរកជំងឺរបេងនៅតាមសហគមន៍ផងដែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក ដែលបានបន្តគាំទ្រដល់ការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា។ លោកបានបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយបន្ទុកជំងឺរបេងក៏ដោយ ក៏នៅមានបញ្ហាប្រឈមដែលត្រូវបន្តយកចិត្តទុកដាក់ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០៕