កណ្តាល៖ ព្រះពុទ្ធរូបចូលនិព្វាន និងព្រះចេតិយរបស់ព្រះបាទចន្ទរាជា នៅលើភ្នំព្រះរាជទ្រព្យ ត្រូវបានការអភិរក្ស និងជួសជុលរួចរាល់ដោយមន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការគាំទ្រជំនួយជាថវិកាពីសប្បុរសជននានា។ក្នុងនោះមានទាំងសម្តេចព្រះឧត្តមវស្សា គូ សុភាពផងដែរ។
យោងតាមក្រសួងវប្បធម៌ កាលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបន្តការអភិរក្សនិងជួសជុលបេតិកភណ្ឌមួយចំនួននៅភ្នំព្រះរាជទ្រព្យដូចភ្លៀងរលឹម។ លទ្ធផលនៃការជួសជុលទាំងនោះ រួមមាន៖ ព្រះវិហារអដ្ឋរស្ស ទទួលបានថវិកាពីបដិភាគរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គីមថុង និងសប្បុរសជនផ្សេងៗទៀត កាលពីឆ្នាំ២០១៩។
ចំណែកព្រះពុទ្ធរូបចូលបរិនិព្វាន ទទួលបានថវិកាបដិភាគរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឧកញ៉ា នាង វិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនានូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង កាលពីឆ្នាំ២០២២។រីឯជួសជុល ព្រះពុទ្ធរូបអដ្ឋរស្ស និង ព្រះចេតិយព្រះបាទចន្ទរាជា ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពីលោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកស្រី យី សុភា កាលពីឆ្នាំ២០២៥។
បើតាមក្រសួងវប្បធម៌ ដោយមើលឃើញពីតម្លៃនៃការអភិរក្សនិងជួសជុលមរតកបុរាណនៅលើភ្នំព្រះរាជទ្រព្យ ជាពិសេសក្រោយបញ្ចប់ការជួសជុលព្រះពុទ្ធរូបចូលនិព្វាន និងព្រះចេតិយរបស់ព្រះបាទចន្ទរាជា សម្តេចព្រះឧត្តមវស្សា គូ សុភាព ទ្រង់សព្វព្រះទ័យជ្រះថ្លាក្នុងការស្វែងរកថវិកាពីសប្បុរសជន ដើម្បីរៀបចំបរិវេណជុំវិញព្រះចេតិយនិងព្រះពុទ្ធរូបចូលនិព្វាន ឲ្យបានស្អាតសមសួនសម្រាប់ពុទ្ធបរិស័ទ្ធងាយស្រួលក្នុងការប្រារព្ធធ្វើកិច្ចពិធីផ្សេងៗ។
ក្រោយការអំពាវនាវរបស់ សម្តេចព្រះឧត្តមវស្សា គូ សុភាព លោកស្រី អ៊ូ ធីតាពៅ ជាភរិយារបស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកាដើម្បីរៀបចំក្រាលឥដ្ឋនៅបរិវេណជុំវិញព្រះចេតិយ និងព្រះពុទ្ធរូបចូលនិព្វាន ក្នុងគោលដៅលើកស្ទួយតម្លៃទីតាំងបុរាណស្ថាន ដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះឧត្តមវស្សា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានឧបត្ថម្ភថវិកាក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌនៅលើភ្នំព្រះរាជទ្រព្យនេះនាពេលកន្លងមក។ ការចូលរួមនេះ នឹងជួយឲ្យមរតកដូនតាស្ថិតនៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ ហើយសមិទ្ធិផលទាំងនេះ នឹងក្លាយជាមូលដ្ឋាននៃការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកទស្សនាតំបន់ប្រវត្តិសាស្ត្រនេះកាន់តែច្រើនឡើងនៅថ្ងៃអនាគត៕