ភ្នំពេញ៖ កម្ពុជា និងកូរ៉េ បានឯកភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការបញ្ជូលពលកររដូវកាលកម្ពុជាទៅធ្វើការនៅខេត្តឈុងឆុងណាមដូ។ ការឯកភាពនេះ ធ្វើឡើងបន្ទាប់ពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គីម មីនសួ (Kim Minso) នាយករដ្ឋបាលខេត្តឈុងឆុងណាមដូ (Chungcheongnam-do) នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីផ្លាស់ប្តូរយោបល់អំពីការបង្កើតកិច្ចសហប្រតិបត្តិការបញ្ជូនពលកររដូវកាលកម្ពុជាទៅធ្វើការនៅខេត្តឈុងឆុងណាមដូ។
លោក ហេង សួរ បានស្នើដល់រដ្ឋបាលខេត្តឈុងឆុងណាមដូ ជួយផ្ដោតយកចិត្តទុកដាក់ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅទីនោះ ជាពិសេសជួយបណ្តុះបណ្តាលជំនាញកសិកម្មបែបទំនើបបន្ថែមទៀតដល់ពួកគេ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ប្រជាពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅប្រទេស និងអតីតពលករដែលបានធ្វើមាតុភូមិនិវត្តន៍មកស្រុកកំណើតវិញ។
លោក គីម មីនសួ បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួងការងារ ដែលបានឯកភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការបញ្ជូលពលកររដូវកាលកម្ពុជាទៅធ្វើការនៅខេត្តឈុងឆុងណាមដូ។ លោកបានគូសបញ្ជាក់ថា ខេត្តឈុងឆុងណាមដូ គឺជាខេត្តគំរូមួយរបស់សាធារណរដ្ឋកូរ៉េ ក្នុងការទទួលយកពលកររដូវកាលបរទេស ជាពិសេសក្នុងវិស័យកសិកម្ម។ លោក គីម ក៏បានចាត់ទុកជំនួបពិភាក្សាលើកដំបូងនេះថាជាចំណុចចាប់ផ្តើមដ៏សំខាន់ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានាពេលអនាគត៕