សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី (Professor Yoshiaki Ishizawa) អ្នកប្រាជ្ញប្រវត្តិវិទូ និងជាអ្នកចូលរួមអភិរក្ស ជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។
លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី (Professor Yoshiaki Ishizawa) គឺជាប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) និងជាអ្នកដែលបានលះបង់ជាច្រើនក្នុងកិច្ចអភិរក្ស និងជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរ បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
លោកសាស្ត្រាចារ្យរូបនេះ គឺជាអ្នកប្រាជ្ញប្រវត្តិវិទូ និងជាអតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា (Sophia University) ប្រទេសជប៉ុន។ ក្នុងនាមជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសូហ្វីយ៉ា លោកសាស្ត្រាចារ្យបានរួមចំណែកជាច្រើនក្នុងកិច្ចអភិរក្ស និងជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសគម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ក៏ដូចជាការបណ្តុះបណ្តាលអ្នកជំនាញអាជ្ញាធរជាតិអប្សរាជាបន្តបន្ទាប់ ស្របតាមទស្សនៈរបស់លោកសាស្ត្រាចារ្យផ្ទាល់ ដែលថា «មរតកវប្បធម៌ខ្មែរ ត្រូវតែថែរក្សាដោយខ្មែរ»។
គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដែលត្រូវបានជ្រើសរើសសម្រាប់ការរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ក៏ជាសមិទ្ធផលដ៏ធំធេងមួយទៀតរបស់លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ដែលបានផ្តួចផ្តើមរៃអង្គាសថវិកាសម្រាប់ការសាងសង់ ដើម្បីតាំងបង្ហាញព្រះពុទ្ធបដិមា ដែលបានធ្វើកំណាយរកឃើញនៅប្រាសាទបន្ទាយក្តី ដោយសាកលវិទ្យាល័យសូហ្វីយ៉ា កាលពីឆ្នាំ២០០១៕