Swift cc time

ជនបរទេស២ នាក់ ធ្វើដំណើរពីថៃចូលកម្ពុជា ហើយលួចឆ្លងដែនចូលវៀតណាម កម្ពុជាបដិសេធថា ពុំបានចាប់ខ្លួនបញ្ជូនទៅវៀតណាមឡើយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី៧ តុលានេះ បានប្រកាសបដិសេធយ៉ាងម៉ឺងម៉ាត់ថា សមត្ថកិច្ចកម្ពុជា ពុំបានចាប់ខ្លួន និងបញ្ជូនជនជាតិអូស្ត្រាលី និងជនជាតិន័រវែស ទៅឱ្យសមត្ថកិច្ចវៀតណាមនោះឡើយ។ ការប្រកាសដូច្នេះ ក្រោយពីអាជ្ញាធរកម្ពុជាទទួលការស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ពាក់ព័ន្ធនឹងករណីបាត់ខ្លួនបុគ្គលឈ្មោះ TRAN HIEP និងបុគ្គលរួមដំណើរម្នាក់ទៀត ឈ្មោះ NGUYEN THUAN DUC ក៏បាត់ដំណឹង។

យោងតាមរបាយការណ៍ទិន្នន័យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បុគ្គលឈ្មោះ TRAN HIEP កាន់លិខិតឆ្លងដែនអូស្ត្រាលី និងបុគ្គលឈ្មោះ NGUYEN THUAN DUC កាន់លិខិតឆ្លងដែនន័រវែស ពិតជាបានធ្វើដំណើរមកពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍ក៏បង្ហាញថាជនទាំងពីរពុំទាន់មានកំណត់ត្រាចាកចេញពីប្រទេសកម្ពុជានៅឡើយដែរ។ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

ទន្ទឹមនឹងនោះ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងនគរបាលវៀតណាម បានប្រកាសអំពីការឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ រួមមាន ឈ្មោះ TRAN HIEP (កាន់លិខិតឆ្លងដែនអូស្ត្រាលី), ឈ្មោះ NGUYEN THUAN DUC (កាន់លិខិតឆ្លងដែនន័រវែស)និងឈ្មោះ THAI CONG TRUONG SON (ជនជាតិវៀតណាម) កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅប៉ុស្តិ៍ការពារព្រំដែន Mỹ Quý Tây ខេត្ត Tây Ninh ពីបទលួចឆ្លងដែនចូល ប្រទេសវៀតណាមដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ថា ជាសមាជិកអង្គការភេរវកម្ម Việt Tân។ បច្ចុប្បន្នពួកគេត្រូវបានឃុំខ្លួននៅប្រទេសវៀតណាម ដើម្បីបន្តការស៊ើបអង្កេត។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃកម្ពុជា ប្រកាសបដិសេធយ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរមាន សមត្ថកិច្ចនៃ ព្រះរាជាណាចក្រកម្ពុជា ពុំបានចាប់ខ្លួន និងបញ្ជូនបុគ្គលខាងលើទៅឱ្យសមត្ថកិច្ចវៀតណាមនោះឡើយ៕

Khcct banner

អត្ថបទទាក់ទង