Swift cc time

ឥទ្ធិពល«ព្យុះសង្ឃរា»ចំនួន ៣ដំណាលគ្នា នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ តុលានេះ បានជូនដំណឹងស្តីពីស្ថានភាពព្យុះសង្ឃរាទី២៨ ឈ្មោះ ណូឡូ (Nolo) និងព្យុះទី២៩ ឈ្មោះ កូហ្គូម៉ា (Koguma) ដែលបានវិវត្តចេញពីសម្ពាធទាបលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ព្យុះទាំងពីរនេះរួមជាមួយព្យុះទី២៧ ឈ្មោះ ស៊ូរីហ្គាអេ កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា។ ប៉ុន្តែ ក្រសួងបញ្ជាក់ថា កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងបីនេះនោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានការប្រែប្រួល។ សម្រាប់តំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៥០%។ ចំណែកឯតំបន់ខ្ពង់រាប រួមមាន៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៦០%។

ដោយឡែកតំបន់មាត់សមុទ្រ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៤០%។ ពិសេសជាងនេះរលកសមុទ្រនឹងបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០.៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.៧៥ម៉ែត្រ។

យោងលើការព្យាករណ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជនមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕

Khcct banner

អត្ថបទទាក់ទង