Swift cc time

អាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិន និងវៀតណាមសរុបជិត៥០នាក់ពាក់ព័ន្ធ Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងចំនួន៣ ក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន និងវៀតណាម សរុបចំនួន៤៧នាក់ ក្នុងនោះជនជាតិចិន ៣១នាក់ និងជនជាតិវៀតណាម១៦នាក់។

យោងតាមរបាយការណ៍ ប្រតិបត្តិការទាំង៣ទីតាំង បានធ្វើឡើងនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយទីតាំងទី១ អាជ្ញាធរ បានចុះបង្ក្រាបទីតាំងពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចសណ្ឋាគារ យៀកលាំង កម្ពស់២២ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រកឃើញ និងឃាត់ខ្លួនជនជាតិចិនចំនួន២២នាក់ សុទ្ធតែជាបុរស។ ក្នុងនោះ នៅជាន់ផ្ទាល់ដីចំនួន១នាក់ ជាអ្នកគ្រប់គ្រង, ជាន់ទី៦ ចំនួន៧នាក់ និងជាន់ទី៨ ចំនួន១៤នាក់ ដែលជាកន្លែងធ្វើការ និងស្នាក់នៅ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតកុំព្យូទ័រលើតុ (All-in-One) ចំនួន២០គ្រឿង, iPad ចំនួន១គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន២៨គ្រឿង, ទូរស័ព្ទដៃសម្រាប់ Online ចំនួន៥២គ្រឿង, គ្រឿងញៀនចំនួន៦កញ្ចប់តូច និងលិខិតឆ្លងដែនចំនួន៨ក្បាល។

ប្រតិបត្តិការទី២ ធ្វើឡើងនៅព្រឹក ថ្ងៃទី៥ ខែតុលា បានចុះត្រួតពិនិត្យ និងឆែកឆេរអគារមួយកន្លែង ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះជនជាតិចិនចំនួន៩នាក់ រួមមានស្ត្រី១នាក់ និងជនជាតិវៀតណាមចំនួន៦នាក់ សុទ្ធតែជាបុរស។ សមត្ថកិច្ចបានដកហូតកុំព្យូទ័រយួរដៃចំនួន៩គ្រឿង, ទូរស័ព្ទដៃសម្រាប់ Online ចំនួន៥០គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន១១គ្រឿង និងសម្ភារៈមួយចំនួនទៀត។

ប្រតិបត្តិការទី៣ ធ្វើឡើង ថ្ងៃទី៥ ខែតុលានេះ បានចុះត្រួតពិនិត្យ និងឆែកឆេរនៅចំណុចសណ្ឋាគារ សុខសាន្ត ស្ថិតក្នុងក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន១០នាក់ ក្នុងនោះមានស្ត្រី៣នាក់ ដែលមានមុខរបរជាបុគ្គលិក Online និងស្នាក់នៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃចំនួន១១គ្រឿង, លិខិតឆ្លងដែនចំនួន១០ច្បាប់, ទូរស័ព្ទដៃសម្រាប់ Online ចំនួន១គ្រឿង និង Wi-Fi ចល័តចំនួន១គ្រឿង។

សរុបលទ្ធផលនៃប្រតិបត្តិការទាំង៣ទីតាំង កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់ ក្នុងនោះជនជាតិចិន៣១នាក់ និងជនជាតិវៀតណាម១៦នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រ ទូរស័ព្ទដៃ លិខិតឆ្លងដែន ឧបករណ៍ Wi-Fi គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង៤៧នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងបន្តអនុវត្តតាមនីតិវិធី៕

Khcct banner

អត្ថបទទាក់ទង