សៀមរាប៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៦ តុលា បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាននៃយោធភូមិភាគទី៤ ដែលជាវីរកងទ័ព ដ៏អង់អាចខ្លាហាន ហ៊ានប្ដូរផ្ដាច់ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិ ការពារជាតិ សាសនា និងព្រះមហាក្សត្រ នាពេលកន្លងមកនៅតាមបន្ទាត់ព្រំដែនកម្ពុជា ជាពិសេសកំឡុងពេលមានជម្លោះជាមួយយោធាថៃ។ ខណៈនោះ ក្រសួងទេសចរណ៍ ក៏បាននាំយកនូវអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនដល់នាយទាហានផងដែរ។
ក្រសួងទេសចរណ៍ ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី៤ ដែលជាវីរកងទ័ព ព្រមទាំងប្រគល់អំណោយរបស់សម្តេច ហ៊ុន ម៉ាណែត ជូនវីរកងទ័ពនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦។
កំឡុងពេលនោះ លោក ហួត ហាក់ បានសម្តែងនូវការដឹងគុណដល់វីរៈកងទ័ព កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មសព្វគ្រប់បែបយ៉ាង សំដៅថែរក្សាបានអធិបតេយ្យជាតិ បូរណភាពទឹកដី និងឯករាជជាតិ ដើម្បីជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ខណៈនោះ ក្រសួងទេសចរណ៍ ក៏បាននាំយកអំណោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពីព្រោះដោយសារកាតព្វកិច្ចកាពារទឹកដី បងប្អូន មិនទាន់អាចវិលទៅកាន់ស្រុកកំណើត បាននៅឡើយ៕